(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៣ ជាមួយរដ្ឋបាលសង្កាត់ទាំង៥ ដោយមានការអញ្ជើញចូល រួមពីលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ មេបញ្ជាការអាវុធហត្ថខណ្ឌ មន្ត្រីការិយាល័យ ចំណុះជំនាញ និងប្រជាជនចូលរួម ប្រមាណជិត៤០០នាក់។
ក្នុងឱកាសបើកវេទិកានេះ ប្រជាជនបានលើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់របស់គាត់ ក្នុងនោះ មានទាំងសំណួរផ្ទាល់មាត់ ចំនួន ៩នាក់ និងសំណួរ តាមរយ:លិខិតដាក់ក្នុងប្រអប់សំបុត្រចំនួន ៣៦៩នាក់។
សំណួរ សំណើរ និងសំណូមពរ ដែលប្រជាជនបានលើកឡើង ក្នុងពេលនេះ គឺពួកគាត់ផ្តោតសំខាន់លើ បញ្ហាសន្តិសុខ សុវត្ថិភាព ផ្ទាល់ខ្លួន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាស្ថាបនា-ជួសជុលផ្លូវ ដាក់ប្រព័ន្ឋលូមេ, ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ, បញ្ហាគ្រឿងញៀន, ចោរកម្ម, បញ្ហាសំរាម ដែលក្រុមហ៊ុនស៊ិនទ្រីមកយកយឺតយូរ ជាពិសេសបញ្ហាផ្សេងៗ។
ពាក់ព័ន្ឋនឹងការលើកឡើង របស់ប្រជាជនខាងលើនេះ លោក ថេង សុថុល ទទួលយកសំណើរមកពិភាក្សាដោះស្រាយជូនប្រជាជនអោយខាងតែបាន បើបញ្ហាណាថ្នាក់ខណ្ឌដោះស្រាយមិនបាន លោកនឹងបញ្ជូនទៅថ្នាក់រាជធានី និងដាក់ជូនក្រុមការងារថ្នាក់ជាតិដោះស្រាយបន្ត ហើយលោកអភិបាលខណ្ឌ ក៏បានជំរុញដល់ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ពេលធ្វើអ្វីៗដើម្បីបម្រើប្រជាជន បម្រើដោយស្មោះត្រង់ ចៀសវាងពួកគាត់ ធ្វើការរិះគន់មកលើអាជ្ញាធរ ថាអសកម្ម និងមិនដោះស្រាយជូនពួកគាត់។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានប្តេជ្ញាចិត្តលុបបំបាត់ នូវរាល់ភាពអសកម្មរបស់មន្ត្រីមូលដ្ឋាន ជាពិសេសករណីសេវាសាធារណ:តាមរយ:ច្រកចេញចូលតែមួយ ដោយលោកអភិបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកទទួលសេវាសាធារណ:ដោយខ្លួនឯង កុំពឹងលើអ្នករត់ការ។
ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាជន លើបញ្ហាក្រុមហ៊ុនស៊ិនទ្រីមកយកសំរាមមានការយឺតយូរ បញ្ហាអ៊ុតផ្លូវកៅស៊ូ បញ្ហាដាក់លូមេ និងបំពាក់បង្គោលភ្លើងនោះ លោកអភិបាលខណ្ឌ បានទទួលយកសំណូមពរ ទៅដោះស្រាយភ្លាមៗ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានអះអាងនៅចំពោះមុខប្រជាពលរដ្ឋថា លោកខិតខំ អស់ពីកម្លាំងកាយចិត្ត ក្នុងការដោះបញ្ហាទាំងឡាយនៅតាមសង្កាត់ទាំងអស់ ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា ក្រុមប្រឹក្សាមានតួនាទី ចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោល បំណងក្នុងការបង្កើនការជំរុញ និងការធ្វើឲ្យមាន ចីរភាពដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ច ដែលបានធ្វើប្រតិភូកម្មតាមច្បាប់។ លោក ព្រុំ សំខាន់ បានបន្តទៀតថា ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺជាការបង្ហាញអំពីគណនេយ្យភាព របស់ក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋជាងនេះទៅទៀត ក៏ជាឱកាសឲ្យក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់បានដឹង នូវសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាខណ្ឌក្នុងឆ្នាំ២០១៩នេះ។
វេទិការនេះ ក៏បានបង្ហាញផងដែរ នូវតួនាទី និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា និង គណៈអភិបាលខណ្ឌ ដើម្បីឆ្លុះបញ្ចាំងនូវការឆ្លើយតបរវាងការិយាល័យជំនាញ អង្គភាពជុំវិញខណ្ឌ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បងប្អូនអាចមានឱកាសក្នុងការសាកសួរ ពីសមិទ្ធិផល បញ្ហាប្រឈម និងផែនការសកម្មភាព សំរាប់អនុវត្តឆ្នាំខាងមុខ របស់រដ្ឋបាលខណ្ឌ ជាពិសេសគឺផលប៉ះពាល់ទៅលើការងារប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ វេទិការនេះក៏មានពេលវេលាសំរាប់ផ្តល់ឱកាសដល់ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ លើកជាសំណួរពាក់ព័ន្ធនឹងប្រធានបទ និងមានការស្រាយបំភ្លឺពីអ្នកពាក់ព័ន្ធផងដែរ៕