(តាកែវ)៖ បើទោះបីមានការបញ្ជាពីសំណាក់អភិបាលខេត្ត អ៊ូច ភា ឲ្យអាជ្ញាធក្រុងដូនកែវ ចុះទប់ស្កាត់ការសាង់សង់សំណង់ខុសច្បាប់ នៅលើខ្នងប្រឡាយទឹកនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ យ៉ាងណាក៏ដោយ ក៏ចំណាត់ការរបស់អាជ្ញាធក្រុងដូនកែវ ហាក់គ្មានប្រសិទ្ធភាពនោះទេ។
ផ្ទុយទៅវិញ ម្ចាស់ទីតាំងសំណង់មិនត្រឹមតែមិនព្រមបញ្ឈប់ការសាងសង់ទេ ថែមទាំងផ្គើនអាជ្ញាធតាមរយៈការចាក់ដីបានរាប់សិបឡានលើខ្នងប្រឡាយទឹក ដើម្បីសង់លំនៅឋានថែមទៀតផង។
បន្ទាប់ពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ទៅអាជ្ញាធរក្រុង និងអាជ្ញាធរខេត្តពាក់ព័ន្ធទៅនឹងករណីថា ម្ចាស់សំណង់ខុសច្បាប់នៅតែបន្តសាងសង់លំនៅដ្ឋាន និងលួចចាក់ដីខ្នងប្រឡាយ ទឹកបន្ថែមទៀត ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធក្រុងដូនកែវ ភ្លាមនោះអភិបាលរងខេត្តតាកែវ ខាន់ សុខា បានបញ្ជាក់តាមប្រព័ន្ធទំនាក់ទំនង តេឡេក្រាម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយបានបញ្ជាឲ្យលោកអភិបាលក្រុងដូនកែវ ទៅពិនិត្យឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យមានបញ្ហាវែងឆ្ងាយ។
ក្រោយមានការបញ្ជារបស់លោកអភិបាលរងខេត្ត គេឃើញលោកអភិបាលក្រុងដូនកែវ កង អាណាន់ ក៏បានឆ្លើយតបយ៉ាងលឿនថា «បាទ ខ្ញុំបានចាត់អភិបាលរងក្រុង ឲ្យទាក់ទងទៅម្ចាស់ កាយដីចេញវិញ»។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គេមិនទាន់ឃើញម្ចាស់ដីខាងលើ កាយអាចម៍ដីនោះចេញ សូម្បីតែមួយចបកាប់ និងផ្អាកការសង់សំណង់ផ្ទះនោះឡើយ។
ពាក់ព័ន្ធទៅនិងចំណាត់ការរបស់អាជ្ញាធក្រុងលោក កង អាណាន់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកបានបញ្ជាឲ្យលោកអភិបាលរងក្រុងចុះទៅធ្វើ កិច្ចសន្យាជាមួយម្ចាស់ សំណង់ហើយ ក៏ប៉ុន្តែលោកមិនបានធ្វើការបញ្ចាក់ថា នេះជាលើកទីប៉ុន្មានទេ ដែលអាជ្ញាធចុះទៅធ្វើកិច្ចសន្យាដដែលៗ ជាមួយម្ចាស់សំណង់ខុសច្បាប់នេះ។
សូមបញ្ជាក់ដែរថា កន្លងមកអាជ្ញាធរស្រុកសំរោង បានប្រើប្រាស់វិធានក្ដៅជាច្រើន ចំពោះក្រុមបុគ្គលខិលខូច ដែលបានលួចចាក់ដីចូលក្នុងបឹងដើម្បីយកមកធ្វើសម្បត្តិផ្ទាល់ខ្លួន ឲ្យកាយអាចម៍ដីចេញ វិញក្នុងរយៈពេល ២៤ម៉ោង ពិតជាមានប្រសិទ្ធភាព ដោយឃើញថា ធ្វើភ្លាមៗតែម្ដង មិនទុកបង្អង់ទុកយូរអូសបន្លាយដូចអាជ្ញាធក្រុងដូនកែវនោះឡើយ៕