(ឧត្តរមានជ័យ)៖ ជំនន់ទឹកភ្លៀងកំពុងតែគំរាមកំហែង ក្លាយជាទឹកជំនន់វាយប្រហារមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរបស់ប្រជាពលរដ្ឋ។ រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរ និងសមត្ថកិច្ចក៏បានសម្រេចបិទផ្លូវមួយចំនួន មិនឲ្យប្រជាពលរដ្ឋដឹកកសិផលឆ្លងកាត់ផងដែរ ព្រោះខ្លាចខូចខាតធ្ងន់ធ្ងរ។
ដោយមើលឃើញស្ថានភាពប្រឈមបែបនេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អមដំណើរដោយមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ905 ខេត្តឧត្តរមានជ័យ ចុះពិនិត្យទំនប់ថ្មី ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែត្រៀមលក្ខណៈជានិច្ចគ្រប់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។ លោកក៏បានក្រើនរំលឹក ដល់ពលរដ្ឋដែរថា ត្រូវតែថែរក្សាសុខភាព និងមើលថែកូនចៅឲ្យបានល្អ និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សូមជម្រាបថា រហូតមកដល់ព្រឹកនេះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចផ្អាកការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន នៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយសារតែខ្លាចខូចខាតផ្លូវ ព្រោះទឹកកំពុងជន់លិចខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅចំណុចស្ពានតាម៉ុក ខណៈស្ថានភាពទឹកនៅជន់លិចផ្លូវខ្លាំងដដែល មិនទាន់មានការថយនោះឡើយ៕