(កណ្ដាល)៖ ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល នៃគម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ថ្លែងក្នុងពិធីនោះ លោក អ៊ិន ចន្ថា បានបញ្ជាក់ថា តាមរយៈការសាងសង់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតនេះ នឹងអាចជួយបំពេញបន្ថែម ក្នុងការងារអភិវឌ្ឍន៍ជនបទ លើកិច្ចការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់ ជាពិសេសកាត់បន្ថយចំណាយមួយភាគ របស់ប្រជាពលរដ្ឋ ក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការ និងជួយសម្របសម្រួលការងារនេះ ធ្វើយ៉ាងណា ឲ្យដំណើរការសាងសង់ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតនេះ ទទួលបានជោគជ័យ។
ក្នុងឱកាសនោះ លោក អ៊ិន ចន្ថា ក៏បានលើកឡើងថា ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកែសម្រួលកម្មវិធីផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ គឺឆ្នាំ២០១៩-២០២៣ ដើម្បីឲ្យកម្មវិធីរបស់ក្រសួង កាន់តែស៊ីសង្វាក់ប្រទាក់ក្រឡា ជាមួយនឹងកម្មវិធី របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦នេះផងដែរ។ កម្មវិធីផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ រួមមាន៖
កម្មវិធីទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងធនធានមនុស្ស
កម្មវិធីទី២៖ បន្តកសាង ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទរូបវន្តសេវាសាធារណៈ
កម្មវិធីទី៣៖ ធ្វើឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌសុខភាព ការអប់រំ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ
កម្មវិធីទី៤៖ ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។
តាមរយៈកម្មវិធីទាំង៤នេះ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា បានកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ នៅជនបទ ជាពិសេសធ្វើឲ្យ មាននូវកាលានុវត្តភាពសេដ្ឋកិច្ចសង្គម ជំរុញកំណើនបរិយាប័ន្នសេដ្ឋកិច្ច និងកែលម្អជីវភាពរបស់ប្រជនជន នៅតំបន់ជនបទឲ្យកាន់តែល្អប្រសើរឡើង។
លោក តាន់ ហួយផេង អគ្គនាយករង នៃមជ្ឈមណ្ឌលកាត់បន្ថយ ភាពក្រីក្រអន្តរជាតិចិន បានឲ្យដឹងថា គម្រោងនេះ នឹងដោះស្រាយបញ្ហាសុវត្ថិភាពទឹកស្អាត ដែលជាបញ្ហារំខាន ដល់បងប្អូនប្រជាពលរដ្ឋ។ ក្រុមការងារ នឹងខិតខំប្រឹងប្រែង អនុវត្តគម្រោងនេះ ដើម្បីសាងសង់គម្រោងនេះ ឲ្យបានល្អប្រសើរ ធានាបាននូវគុណភាពសំណង់។
លោកក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋក្នុងភូមិ នៅតែបន្តគាំទ្រ និងជ្រោមជ្រែងដល់ការងាររបស់ក្រុមការងារ ដោយប្រើប្រាស់ និងថែទាំហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់ ដើម្បីសម្រេចឲ្យបាននូវការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ប្រកបដោយនិរន្តរភាព និងបានគង់វង្សយូរអង្វែង។
លោកបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិ នឹងនៅតែបន្តធ្វើ កិច្ចការងារសម្របសម្រួលគ្រប់គ្រង និងផ្តល់សេវាកម្មឲ្យបានល្អប្រសើរ ដើម្បីគាំទ្រជ្រោមជ្រែង និងធានាឲ្យគម្រោងនេះ អាចអនុវត្តបានដោយរលូនទៅមុខ៕