(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គ.ជ.ប បានចូលរួមកិច្ចប្រជុំលើកទី១ ក្នុងព្រឹត្តិការណ៍សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB សំខាន់ៗរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បញ្ជាក់ថា ព្រឹត្តិការណ៍ A-WEB សំខាន់ៗទាំង៣នោះរួមមាន៖ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិ្ដបត្តិរបស់សមាគម A-WEB, មហាសន្និបាតលើកទី៤ និងសន្និសីទអន្ដរជាតិ ស្ដីពីគំនិតផ្ដួចផ្ដើម ការប្រឈមក្នុងព័ត៌មានសង្គម និងការប្រើប្រាស់ព័ត៌មានវិទ្យា ក្នុងការបោះឆ្នោត។
គណៈប្រតិភូ គ.ជ.ប នឹងវិលត្រលប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងឱកាសវិលត្រលប់មកវិញនេះ គណៈប្រតិភូ នឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកVIP) វេលាម៉ោង៩៖០០នាទីព្រឹក ពាក់ព័ន្ធនឹង គ.ជ.ប កម្ពុជា ដែលបានចូលជាសមាជិកពេញសិទ្ធិរបស់សមាគម A-WEB ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស៕