(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ តាំងពីព្រឹកមកម្ល៉េះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួយរុះរើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ជាសំណង់ខុសច្បាប់សង់លើ ចិញ្ចើមផ្លូវចំណុចស្ពានឆេះផ្លូវកែអូរត្រេះ ជាច្រើនឆ្នាំមកហើយនោះ ផ្លាស់ប្ដូរទៅទីតាំងថ្មីនៅតំបន់ក្បាលឆាយ ក្រោយពីរាជរដ្ឋាភិបាល បានផ្ដល់ដីសង្គមកិច្ចជូនពួកគាត់ ក្នុងមួយគ្រួសារមួយឡូតិ៍ ដែលមានទំហំ៥ គុណ២០ម៉ែត្រ។
ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្នើនឹង៤៥ខ្នងផ្ទះ បានសង់លំនៅឋានខុសច្បាប់តាមចិញ្ចើមផ្លូវ នៅចំណុចស្ពានឆេះជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះរាជរដ្ឋាភិបាល បានដោះស្រាយដោយផ្ដល់គោលនយោបាយដីសង្គមកិច្ចជូនពួកគាត់ សម្រាប់សង់លំនៅឋានថ្មីការរស់នៅប្រចាំថ្ងៃ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយពីយល់ព្រមដោយស្ម័គ្រចិត្តពីបងប្អូនប្រជាពលរដ្ឋ ទាំង៤៥គ្រួសារ ពីគោលនយោបាយរាជរដ្ឋាភិបាលនោះ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង កម្លាំងសមត្ថកិច្ច និងប្រជាការពារបានជួយរុះរើលំនៅឋានរបស់ពួកគាត់ ចេញពីទីតាំងចាស់ ឆ្ពោះទៅទីតាំងថ្មី រួមជាមួយការផ្ដល់ស័ង្កី តង សម្ភារប្រើប្រាស់មួយចំនួន និងថវិកាខ្លះផងដែរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានផ្ដល់តង់ធំ និងតង់តូច សម្រាប់សាងសង់បណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋ ដើម្បីបាំងភ្លៀងទម្រាំពួកគាត់ បានសង់លំនៅឋានសម្រាប់ស្នាក់នៅរួចរាល់នោះ។
លោក គួច ចំរើន បានអះអាងទៀតថា តាមរយៈគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល បងប្អូនទាំងអស់មានចិត្តសប្បាយរីករាយ និងទទួលដោយស្ម័គ្រចិត្ត រួមចំណែកជាមួយ រាជរដ្ឋាភិបាល ពាក់ព័ន្ធការសង់សំណង់ខុសច្បាប់នៅលើចិញ្ចើមផ្លូវ ដែលប្រឈមបញ្ហាជាច្រើន ក្នុងនោះអាចប្រឈមខ្លាំងលើគ្រោះថ្នាក់ចរាចរណ៍ជាដើម៕