(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបន្តដឹកនាំមន្រ្តីជំនាញ មន្ទីរស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅតំបន់តាមដងទន្លេ ដើម្បីត្រៀម លក្ខណៈជួយសង្គ្រោះ និងជម្លៀសពួកគាត់ បានទាន់ពេលវេលាក្នុងរដូវទឹកជំនន់នេះ។
ភ្នាកងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ចាម បានរាយការណ៍នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះថា កាលពីរសៀលថ្ងៃម្សិលមិញ លោកអភិបាលខេត្តបាន ចុះពិនិត្យមើលទីទួល សុវត្ថិភាពជាច្រើនកន្លែងដូចជា៖ ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម, ទីទួលបេងភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ និងមានកន្លែងទីទួលសុវត្ថិភាពជាច្រើនកន្លែងទៀត ដើម្បីត្រៀមរៀបចំបង្ការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ សត្វចិញ្ចឹមជាដើម ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាម កំពុងហក់ឡើងជាបន្តបន្ទាប់។
ជាមួយនឹងដំណើរចុះត្រួតពិនិត្យនោះលោកអភិបាលខេត្តកំពង់ចាម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ជន់លិច សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងគ្រោះថ្នាក់ដោយច្រាំង ទន្លេបាក់ស្រុត ប្រសិនបើមានបញ្ហាប្រឈមខ្លាំង ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីឲ្យអាជ្ញាធរចុះជួយអន្តរាគមន៍ទាន់ពេលវេលា ហើយត្រូវបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ ចំពោះក្មេងតូចៗ អាចបណ្តាលឲ្យលង់ស្លាប់ និងត្រូវការបង្ការការពារ ប្រសិនបើមានសត្វពស់ចឹក ឬខាំត្រូវមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលាផងដែរ។
គូររំលឹកផងដែរថា ក្នុងរយៈពេល ៣ថ្ងៃនេះ អាជ្ញាធរថ្នាក់ខេត្ត-ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងកម្លាំងយុវជន បានជួយសង្គ្រោះភ្លាមៗ ក្នុងការរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះចំនួន ៨ខ្នងផ្ទះហើយ នៅក្នុងស្រុកកំពង់សៀម ដោយឡែក នៅមានផ្ទះប្រជាពលរដ្ឋចំនួន ៣៦គ្រួសារទៀត ដែលអាចប្រឈមទៅនឹងការបាក់ស្រុតច្រាំងទន្លេ ប្រសិនបើទឹកជំនន់នៅបន្តហក់ឡើងទៀតនោះ៕