(ព្រៃវែង)៖ អតីតយុទ្ធជនចំនួន៧គ្រួសារ នៅក្នុងស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលមានជីវភាពខ្វះខាតត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះចំនួន៧ខ្នង។
ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទាំង៧គ្រួសារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការចូលរួមពីលោក ហ៊ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។
ថ្លែងទៅកាន់គ្រួសារអតីតយុទ្ធជនក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើង ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លើសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់សមាជិកអតីតយុទ្ធជនកម្ពុជា មិនដែលភ្លេចឡើយ ហេតុនេះបងប្អូនដែលទទួលបានផ្ទះ របស់សម្តេច នៅទីនេះត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ព្រោះយើងមានលំនឹងហើយ បន្ទាប់ពីបានទទួលផ្ទះពីសម្តេច ហេតុនេះត្រូវជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។
បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ត្រូវគ្រប់គ្រងសមាជិក ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពេលពួកគាត់មានបញ្ហាអ្វីមួយត្រូវជួយដោះស្រាយជូនគាត់ និងជំរុញការបើកប្រាក់បេឡាមរណសង្គ្រោះឲ្យបានទាន់ពេលវេលា, បន្តស្រាវជ្រាវរកអតីតយុទ្ធជន ដែលជួបការលំបាក ដើម្បីមានវិធានការជួយឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា បងប្អូនដែលទទួលបានផ្ទះក៏បានទទួលបន្ថែម អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងមួយគ្រួសារ ថវិកា៣០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចំពោះបងប្អូនអតីតយុទ្ធជន ដែលបានចូលរួមក្នុងពិធីនេះ២០នាក់ ក្នុងម្នាក់ៗទទួលបាន៨ម៉ឺនរៀល។
ជាមួយគ្នានេះ លោក រាជ សុភាព ជាជនពិការរស់នៅភូមិធំ ឃុំល្វា ស្រុកព្រះស្តេច តំណាងឲ្យបងប្អូនទាំង៧គ្រួសារ បានគោរពថ្លែងអំណរគុណសម្តេចទាំងពីរ ដែលផ្ដល់ផ្ទះជូនពួកគាត់ ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានលំនឹង និងសូមជូនពរឲ្យសម្តេចទាំងពីរព្រមទាំងក្រុមគ្រួសារ ជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាតឡើយ៕