(ភ្នំពេញ)៖ កីឡាករបាល់ទាត់ ស្វែង សំណាង ជាអតីតកីឡាកររបស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ដែលជាក្លឹបផ្តួចផ្តើមបង្កើតឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានចូលប្រកួតក្នុងក្រុមជម្រើសជាតិកម្ពុជា ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 វគ្គជម្រុះជុំទី២ រវាងក្រុម កម្ពុជា Vs ហុងកុង នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
អ្វីដែលធ្វើឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការចាប់អារម្មណ៍ សម្តែងការសាទរនិងរំភើប ចំពោះកីឡាករ ស្វែង សំណាង ព្រោះតែកីឡាកររូបនេះ គឺបានដុះពន្លកឡើងក្រោមការជ្រោមជ្រែងពីសំណាក់ លោកផ្ទាល់ កាលពីលោកនៅជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
នៅពេលនោះ លោកបានចូលរួមគាំទ្រ និងលើកស្ទួយពេញទំហឹង លើវិស័យបាល់ទាត់ តាមរយៈការរៀបចំឲ្យមានការប្រកួតបាល់ទាត់ដណ្តើមពាន់រង្វាន់ផ្សេងៗ ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ រៀបចំសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ធ្វើការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងគ្រូបង្វឹកបាល់ទាត់ប្រចាំ ខេត្តបន្ទាយមានជ័យ បានជាច្រើនវគ្គ ជាពិសេសលោកបានបង្កើតក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ដោយធ្វើការបណ្តុះបណ្តាល កីឡាករទាំងបុរស ស្ត្រី និងកុមារក្រោម១៣ឆ្នាំ បានជាច្រើនរយនាក់។
ក្រៅពីកីឡាករ ស្វែង សំណាង ក៏នៅមានអតីតកីឡាកររបស់ក្លឹបអធិរាជភ្នំស្វាយ១០រូបផ្សេងទៀត ដែលត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសរើសមកបណ្តុះបណ្តាលបន្ថែម នៅសាលាបាល់ទាត់ជាតិ និងបានចូលរួមលេងឲ្យក្រុមជម្រើសជាតិ ក៏ដូចជាលេងឲ្យក្លឹបល្បីៗជាច្រើននៅភ្នំពេញផងដែរ ជាក់ស្តែងដូចជា៖ រី លាភផេង សាលាបាល់ទាត់ជាតិ, ជូ សិនទិ សាលាបាល់ទាត់ជាតិ, គឹម អាន សាលាបាល់ទាត់ជាតិ, ជួង មករា សាលាបាល់ទាត់ជាតិ, ស្រួច ជីវ័ន្ត សាលាបាល់ទាត់ជាតិ, សឿត ណាវ៉ា ក្លឹប បឹងកេត, ឱ ភារុណ ក្លឹប បឹងកេត, ពៅ ចាន់ថេត ក្លឹប វិសាខា, សៀង ណាំឈីវ ក្លឹបណាហ្គា និងចាន់ ហួង ក្លឹប អង្គរ Tiger៕