(ហូជីមិញ វៀតណាម)៖ ប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានចូលរួមជាអធិបតី និងជាវាគ្មិនក្នុងវេទិកាស្តីពី ការចាប់ផ្តើមអាជីវកម្មទេសចរណ៍ឆ្លាតវៃ (Startup Tourism Forum) ក្នុងចក្ខុវិស័យពិភពលោក នាឱកាសតាំងពិព័រណ៍អន្តរជាតិ International Expo (ITE-CHCM) ចាប់ពីថ្ងៃទី០៤-០៦ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងហូជីមិញ សាធារណសង្គមនិយមវៀតណាម។
លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍អំពីវេទិកា ស្តីពីការចាប់ផ្តើមអាជីវកម្មទេសចរណ៍ឆ្លាតវៃ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Smart Tourism Startup) គឺជាឱកាសដ៏ប្រសើរបំផុតមួយ ដែលថ្នាក់ដឹកនាំ និងប្រតិភូមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ជួបគ្នាដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជាមួយនឹងអ្នកជំនាញ ធុរជន និងវិនិយោគិន អំពីកាវិវត្តថ្មីយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រឈម នាពេលបច្ចុប្បន្ន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា “ប្រទេសប្រាំ គោលដៅទេសចរណ៍តែមួយ” សំដៅប្រើប្រាស់អត្ថប្រយោជន៍ និងនវានុវត្តន៍ថ្មីនៃបច្ចេកវិទ្យាដើម្បីធ្វើឲ្យមានភាពងាយស្រួលរលូន ប្រកបដោយភាពឆ្នាតវៃ និងចីរភាពដល់វិស័យទេសចរណ៍ និងឧត្តមភាពប្រកួតប្រជែងក្នុងយុគសម័យនៃបដិវត្តឧស្សាហកម្មទី៤។
តាមរយៈការរីកចម្រើនសេវាកម្មបច្ចេកវិទ្យា វិស័យទេសចរណ៍កម្ពុជាក៏បានបោះជំហានរីកចម្រើនទៅមុខជាលំដាប់ ដោយរក្សាបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ ១២.៧% នៃផលទុនសរុបក្នុងស្រុក។
នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រាប្រមាណ ១០.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។
កម្ពុជារំពឹងថា នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាង ៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លារ បង្កើតឱកាសការងារបានប្រមាណជិត ១លាននាក់។
បច្ចុប្បន្នសេវាកម្មបច្ចេកវិទ្យាកំពង់ពេញនិយម និងចាប់ផ្តេីមដើរតួនាទីសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅកម្ពុជាដូចជា៖ PassApp, BookMeBus, Camboticket, Khmer24, MealTemple កម្មវិធីធនាគាចល័តរបស់ធនាគារ ABA និង Pipay សេវាកម្មទូទាត់តាមអ៊ីនធឺណែត ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (អាហារ ភេសជ្ជៈ សំលៀកបំពាក់ និងគ្រឿងបម្លាស់ផ្សេងៗ) តាមរយៈប្រព័ន្ធអ៊ីនធឺណេត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រសួងទេសចរណ៍កម្ពុជា ក៏បានខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្តផ្នែកពាក់ព័ន្ធទាំងផ្នែករដ្ឋ និងឯកជនឲ្យយកចិត្តទុកដាក់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឲ្យបានច្រើន ដែលអាចរក្សាកំណើនទេសចរ និងបង្កើនបទពិសោធន៍ថ្មីៗដល់ទេសចរ អំពីតំបន់គោលដៅទេសចរណ៍នានា។
ក្រសួងទេសចរណ៍កម្ពុជា ក៏បានដាក់អោយដំណេីរការ កម្មវិធីតាមប្រព័ន្ធទូរស័ព្ទចល័ត Mobile App និងរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សព្វផ្សាយផ្សេងៗអំពី Digital មានដូចជា៖
១៖ ការអភិវឌ្ឍនិងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ សម្រាប់កម្ពុជាឆ្ពោះពៅឧស្សាហកម្ម ៤.០ ចាប់ពីថ្ងៃទី១២-២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
២៖ ការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូងដែលមានឈ្មោះថា “Kingdom of Wonder”។
៣៖ វគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី ប្រព័ន្ធបច្ចេកវិទ្យា E-Certificate សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងកាផ្តល់នូវសេវាកម្មចុះឈ្មោះក្រុមហ៊ុន តាមប្រព័ន្ធអនឡាញផងដែរ៕