(ភ្នំពេញ)៖ លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ដែលបានផ្ញើសារទៅគំរាម លោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន។ នេះបើតាមការប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២ ឲ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ។
Facebook ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីសារសំឡេងទៅគំរាម លោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក។
ឆ្លងតាមចម្លេីយសារភាព និងភស្តុុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទី១ដល់លោកអធិការរង ដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្ន ឱ្យមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ ហើយជាជំហានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់។ នេះបើតាមប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។