(បាត់ដំបង)៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ និងសហការី បាននាំអំណោយជាស្បៀងសំភារៈ ថវិការទេះជូនជនក្រីក្រ និងជនពិការឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង បានថ្លែងថា ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងមើលឃើញជាក់ស្តែងជាហូរហែមក ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ លោក និងក្រុមការងារបាននាំអំណោយជាស្បៀងថវិកាយកមកចែកជូនជនក្រីក្រមកពីភូមិនានាចំនួន១០នាក់ក្នុងនោះម្នាក់ទទួលបានរួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កែស, ត្រីខ១យួរ, ភួយថៃមួយ, ក្រម៉ាមួយ, សារ៉ុង១ និងថវិកា ៥ម៉ឺនរៀល។
ក្រុមការងារ ក៏បាននាំយកអំណោយមានរទេះរុញ៥គ្រឿង ជូនជនពិការ៥នាក់ និងជូនថវិកាម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល ជូនថវិកាក្រុមប្រឹក្សាឃុំ មេភូមិទាំង ១០ក្នុងឃុំភ្នំសំពៅ ៤៣នាក់ ម្នាក់ៗ ៥ម៉ឺនរៀល ឧត្ថមក្រុមប្រឹក្សាស្រុក១៥០ដុល្លារ និងឧបត្ថម្ភ កម្មវិធីបាយពេលល្ងាច១ពេលចំនួន ១៥០ដុល្លារផងដែរ។
លោកប្រធានក្រុមការងារ បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំថា រដូវនេះជារដូវភ្លៀងហើយ សូមនាំគ្នាថែរក្សាសុខភាពទាំងអស់គ្នា បើមានការឈឺថ្កាត់ផ្សេងៗ សូមបងប្អូនរូតរះឆាប់ទៅរកគ្រូពេទ្យឲ្យបានទាន់ពេលវេលាផង។ ម្យ៉ាងទៀត ក្នុងរដូវវស្សាឆ្នាំនេះផងដែរ បើឃើញមានមេឃងងិតរកភ្លៀងម្តងៗ សូមបងប្អូនផ្អាកធ្វើការងារផ្សេងៗនៅក្រៅផ្ទះហាលភ្លៀង ហើយឆាប់រូតរះរត់រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឲ្យមានគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដូចជា មានផ្គររន្ទះបាញ់ ខ្យល់កន្ត្រាក់ខ្យល់ព្យុះ ដែលនាំឲ្យជួបគ្រោះថ្នាក់ផ្សេងៗ ដល់ប្រជាពលរដ្ឋ និងពេលកំពុងភ្លៀងសូមបងប្អូន បិទទូរស័ព្ទ បិទវិទ្យុ កុំនៅក្រោមដើមឈើ និងជិតសារធាតុដែក ចៀសវាងកុំឲ្យស្រូបឆក់បង្កជារន្ទះបាញ់ជាដើម។
លោកប្រធានបានបន្តថា ពេលប្រជាពលរដ្ឋជួបប្រទះការលំបាក ក្រុមការងារយើងតែងតែបានចុះមកសួរសុខទុក្ខ និងធ្វើការដោះស្រាយជាបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាន រហូតមកមិនដែលខានម្តងណាឡើយ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារយើងបានចុះមកសួរសុខទុក្ខដោយនាំអំណោយជាស្បៀង ថវិកា និងចែករទេះដល់ជនពិការទាំង៥នាក់នោះជូនពួកគាត់ងាយស្រួលសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
លោក ហែម ថេង បានបញ្ជាក់ទៀតថា រាល់សំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិការសាធារណៈកន្លងទៅ យើងត្រូវយកមកធ្វើការដោះស្រាយតាមសំណូមពររបស់ពួកគាត់ឲ្យបានត្រឹមត្រូវ យើងមិនត្រូវ និងមិនដែលទុកកង្វល់ និងសំណូមពររបស់គាត់ចោលនោះឡើយ។
សូមបញ្ជាក់ថា រទេះជនពិការដែលក្រុមការងារថ្នាក់ជាតិបានចែកជូនជនពិការក្នុងឃុំមកទល់ពេលនេះ គឺបានចំនួន៤៤គ្រឿងហើយ និងជនក្រីក្រដែលបានទទួលអំណោយនោះគឺបានចំនួន៦០គ្រួសារហើយដែរនិងបន្តជួយជូនបន្ថែមទៀតបើសិនជាមាន។
ប្រជាពលរដ្ឋក្រីក្រ និងជនពិការទាំងអស់បានលើកដៃសំពះ និងថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលតែងតែដឹងពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំភ្នំសំពៅ និងបានជួយប្រជាពលរដ្ឋដែលជួបការលំបាកបានទាន់ពេលវេលា គ្រប់កាលៈទេសៈទាំងកន្លងមកក៏ដូចជាបច្ចុប្បន្ន៕