(ត្បូងឃ្មូំ)៖ ដើម្បីបង្កើនចំណេះដឹង ពីការវិវត្តន៍ក្នុងផ្នែកពាណិជ្ជកម្ម ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម បុគ្គលិកស្ថាប័ន និងនិស្សិតនៅខេត្តត្បូងឃ្មុំ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្ត ក្រោមការរៀបចំដោយ មន្ទីរពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលាស្តីពី កិច្ចសម្រួលពាណិជ្ជកម្ម។
វគ្គបណ្តុះបណ្តាល ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំធ្វើឡើង នៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក រាជ រ៉ា បានលើកឡើងថា ប្រទេសកម្ពុជា បានធ្វើសាកភាវូនីយកម្ម និងសេរីភាវូនីយកម្ម ដែលធ្វើឲ្យចរន្ត នៃការដឹកជញ្ជូនទំនិញ ឆ្លងកាត់ការនាំចេញការនាំចូល មានការកើនឡើងក្នុងកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ប្រព័ន្ធពាណិជ្ជកម្មពិភពលោក កំពុងតែឆ្លងកាត់ការបម្រែបម្រួលឥតឈប់ឈរ ដោយភាពជឿនលឿនផ្នែកបច្ចេកវិទ្យា។
លោកបន្តថា ក្នុងបរិបទនេះ យើងកាន់តែដឹងច្បាស់ អំពីភាពចាំបាច់ នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសាកល។
គោលបំណង កម្មវិធីបណ្តុះបណ្តាលស្តីពី «កិច្ចសម្រួលពាណិជ្ជកម្ម» ក្នុងវគ្គនេះ នឹងផ្តោតទៅលើ ១៖ សេចក្តីផ្តើមនៃកិច្ចសម្រួលពាណិជ្ជកម្ម, ២៖ ការអនុវត្តនៃកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា ក្របខណ្ឌអាស៊ាន និង WTO ព្រមទាំងនីតិវិធីនាំចេញ-នាំចូលផងដែរ។
លោក រាជ រ៉ា និងលោក ចេង ប៊ុណ្ណារ៉ា បានបញ្ជាក់ថា សិក្ខាកាមបានបញ្ចប់វគ្គនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការបង្កើនចំណេះដឹងសមត្ថភាពអំពីការវិវត្តន៍ ក្នុងផ្នែកពាណិជ្ជកម្ម ដើម្បីយកចំណេះដឹងទាំងនេះ ទៅអនុវត្តន៍ និងចែករំលែកបន្តទៀត។
លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការរៀបចំសិក្ខាសាលា «កិច្ចសម្រួលពាណិជ្ជកម្ម» នេះឡើង ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ពីកិច្ចប្រឹងប្រែង និងបង្កើនការយល់ដឹងអំពីវឌ្ឍនភាព របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងដំណើការ នៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា៕