(គួឡាឡាំពួរ, ម៉ាឡេស៊ី)៖ អ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិមួយចំនួនទៀត ធ្វើទស្សនកិច្ច និងទេសចរ ទៅកាន់ប្រទេសម៉ាឡេស៊ី លើកនេះ បានទទួលវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ Mega Fam តាមរយៈក្រសួងទេសចរណ៍ម៉ាឡេស៊ី។
វិញ្ញាបនបត្រនេះ ផ្ដល់ដោយក្រសួងទេសចរណ៍ម៉ាឡេស៊ី គឺជាលិខិត ដើម្បីអះអាងថា អ្នកសារព័ត៌មានកម្ពុជា និងអន្តរជាតិ បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍ Mega Fam «It's Summertime in Malasysia-Let's go to the beach visit Malaysia 2020»។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងកូឡាឡាំពួរ ព្រមទាំងតំបន់ទេសចរណ៍មួយចំនួនទៀត របស់ម៉ាឡេស៊ី។
អគ្គនាយកទេសចរណ៍ម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា បទពិសោធន៍ ដែលអ្នកទទួលបានពីកម្មវិធីនេះ នឹងដឹកនាំទៅរកការបង្កើតចំណេះដឹង កាន់តែអស្ចារ្យជាងមុនអំពីម៉ាឡេស៊ី ព្រមទាំងជួយសម្រួលដល់អ្នក ក្នុងការផ្តល់សេវាកម្ម និងការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ អំពីប្រទេសម៉ាឡេស៊ី ដើម្បីឱ្យអតិថិជនរបស់អ្នកពេញចិត្ត»។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៊ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Mega Fam «It's Summertime in Malasysia-Let's go to the beach visit Malaysia 2020»។ ដូច្នេះ តាមរយៈលិខិតអញ្ជើញនេះ ក្រសួងទេសចរណ៍ម៉ាឡេស៊ី បានបែងចែកក្រុមអ្នកសារព័ត៌មានជា៣ក្រុម ដើម្បីបន្តដំណើរទស្សនកិច្ច នៅតាមគោលដៅទេសចរណ៍ធម្មជាតិ, តំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ។
បើតាមលោក Datuk Musa HJ, Yusof អគ្គនាយកទេសចរណ៍ម៉ាឡេស៊ី ដែលបានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រនេះ បានឱ្យដឹងថា វិស័យទេសចរណ៍ ក៏មានកំណើនផងដែរ តាមរយៈភ្ញៀវទេសចរណ៍ម្នាក់ បានចំណាយប្រាក់ ៣,១២១.៦ ringgit ឬកើនឡើង១.៩ភាគរយ ខណៈអាត្រាស្នាក់នៅរយៈពេលវែងកើតឡើងពី០.៤យប់ ដល់៦.២យប់។
លោកបានបន្តថា ភ្ញៀវទេសចរណ៍អន្តរជាតិឈរនៅលំដាប់កំពូលទាំង១០ ដែលមកទេសចរ នៅឆមាសទី១ នៃឆ្នាំ២០១៩ មានសិង្ហបុរី (៥,៣៨១,៥៦៦នាក់), ឥណ្ឌូណេស៊ី (១,៨៥៧,៨៦៤នាក់), ចិន (១,៥៥៨,៧៨២នាក់), ថៃ (៩៩០,៥៦៥នាក់), ប្រ៊ុយណេ (៦២៧,១២២នាក់), ឥណ្ឌា (៣៥៤,៤៨៦នាក់), កូរ៉េខាងត្បូង (៣២៣,៩៥២នាក់), ហ្វីលីពីន (២១០,៩៧៤នាក់), វៀតណាម (២០០,២១៤នាក់) និងជប៉ុន (១៩៦,៥៦១នាក់)ផងដែរ។
បន្ថែមពីនេះ ភ្ញៀវទេសចរមកកាន់តំបន់អាស៊ាន នៅតែបន្តក្ដោបក្ដាប់ការចែករំលែក នៃការមកដល់របស់ភ្ញៀវទេសចរមកកាន់ម៉ាឡេស៊ី ជាមួយអាត្រា៧០ភាគរយ។
ភ្ញៀវទេសចរណ៍មកពីប្រទេសចំនួន៥ ដែលចំណាយខ្ពស់ធ្វើទេសចរណ៍នៅម៉ាឡេស៊ី មានអារ៉ាប៊ីសាអូឌីត (១១,៣៧៦.៩០ ringgit), អង់គ្លេស (៥,២៤១.៥ ringgit), កាណាដា (៤,៥៩៣.១ ringgit), ចិន (៤,៥៤៦ ringgit) និងសហរដ្ឋអាមេរិក (៤,៥៣៧.៩០ ringgit)៕