Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា លី ហួរ ដឹកនាំប្រតិភូសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលរួមសន្និបាត និងពិព័រណ៍អចលនទ្រព្យ រយៈពេល៤ថ្ងៃ នៅប្រទេសសិង្ហបុរី

04-09-2019 17:08

(សិង្ហបុរី)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំប្រតិភូសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាច្រើនរូប អញ្ជើញចូលរួមក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យ International Build Environment Week (IBEW) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមហ៊ុន Reed Exhibitions នាសណ្ឋាគារ Marina Bay Sands នៅប្រទេសសិង្ហបុរី។

សន្និបាត និងពិព័រណ៍អចលនទ្រព្យនេះ គឺជាព្រឹត្តិការណ៍ ពិព័រណ៍ដ៏ធំបំផុត របស់ប្រទេសសិង្ហបុរី ដែលគ្របដណ្តប់លើការអភិវឌ្ឍ និងបរិបទរស់នៅ ដែលផ្សារភ្ជាប់ជាមួយនិងបរិស្ថាន ដែលមានដូចជា៖ ពិព័រណ៍សម្ភារសំណង់ ពិព័រណ៍ស្ថាបត្យកម្ម ពិព័រណ៍សម្ភារអគ្គិសនី និង ពិព័រណ៍សម្ភារបច្ចេកវិទ្យា។

ព្រឹត្តិការណ៍ ពិព័រណ៍នេះ នឹងស្វាគមន៍អ្នកជំនាញវិស័យសំណង់ ប្រមាណជាង ១៣,៥០០នាក់ មកពីទូទាំងប្រទេសនៅអាស៊ី ក្នុងគោលបំណង សម្របសម្រួលដល់ការសិក្សា ការទំនាក់ទំនង និងការសហការ ជាមួយអ្នកជំនាញក្នុងស្រុក និងក្រៅប្រទេស។

សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាសមាគមមួយ ដែលប្រមូលផ្ដុំទៅដោយ អ្នកវិនិយោគិនឆ្នើម និងក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូជាដើម។ សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ហើយមកដល់បច្ចុប្បន្ន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលបានសមាជិក សុទ្ធសឹងជាក្រុមហ៊ុនធំៗ ដែលវិនិយោគលើវិស័យសំណង់ បុរី លំនៅឋាន ខុនដូ៕