(ភ្នំពេញ)៖ ភូមិឋានមួយចំនួនរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បាននិងកំពុងរង់ការជនលិចហើយ បន្ទាប់ពីទឹកតាមដងទន្លេមេគង្គហក់ឡើងប៉ុន្មានថ្ងៃមកនេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា ទឹកនៅតាមដងទន្លេមេគង្គបានហក់ឡើងយ៉ាងខ្លាំងហួសពីកម្រិតប្រកាសអាសន្ន ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំឥទ្ធិពលរបស់ព្យុះទី១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតី។ ឥទ្ធិពលនេះ បានបង្កឲ្យធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់កម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកទន្លេមេគង្គនេះ បានធ្វើឱ្យជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ ដោយឡែកនៅខេត្តត្បូងឃ្មុំ និងកំពង់ចាម មិនទាន់ជនលិចខ្លាំងនៅឡើយទេ។
បើតាមលោក គន់ គីម កម្រិតនៃការជន់លិចនៅស្ទឹងត្រែងស្ថិតក្នុងកម្រិតទាបនៅឡើយមិនទាន់ឈានដល់ការជម្លៀសប្រជាពលរដ្ឋ ឬសត្វពាហនៈនៅឡើយទេ។ ដោយឡែកនៅខេត្តក្រចេះ ទឹកកំពុងជន់លិចនៅក្នុងឃុំបុស្សលាវ ស្រុកចិត្របុរី បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១,៩៨៦គ្រួសារ និងសត្វពាហនៈជាងពីរពាន់ក្បាល។ ក្នុងនោះគោក្របីជិតមួយពាន់ក្បាល និងប្រជាពលរដ្ឋជាង ១០០នាក់ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពរួចហេីយ ហើយនឹងបន្តជម្លៀសទៀតបើទឹកនៅតែបន្តឡើង។
លោកទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើដំណើរចុះទៅដល់កន្លែងជន់លិចក្នុងខេត្តក្រចេះ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងការជួយសង្គ្រោះ ហើយក៏ចល័យមកកាន់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមផងដែរ ដើម្បីពិនិត្យមើលការគំរាមកំហែងភូមិឋានប្រជាពលរដ្ឋពីទឹកជំនន់ទន្លេមេគង្គនេះ។
ជាមួយនឹងការចុះទៅកាន់ខេត្តតាមដងទន្លេមេគង្គ ដែលកំពុងរងការគំរាមកំហែងដោយការជន់លិចនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅតាមបណ្តាខេត្តរងការជន់លិច ឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព។
«ដោយយោងតាមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំបានធ្វើដំណើរចល័តគ្រប់ខេត្តរងការគំរាមដោយជំនន់ទឹកទន្លេមេគង្គ។ ថ្ងៃនេះខ្ញុំបានចុះមកខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ដើម្បីពិនិត្យមើលពីផលប៉ះពាល់ និងដឹកចេញវិធានការនានាជួយសង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព»។ លោក គន់ គីម បានបញ្ជាក់ថា។
លោក គន់ គីម បានអះអាងថា រហូតមកដល់ពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានសហការគ្នាត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយក្នុងការចុះប្រតិបត្តិការជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៀតទៅដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅតាមបណ្តាខេត្តរងការគំរាមពីជំនន់ទឹកភ្លៀង ឱ្យបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ត្រូវតែអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់នូវបទបញ្ជា និងស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយគ្មានជួយពីអាជ្ញាធរនោះឡើយ៕