(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ជូនស្ដ្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោមចាប់ខ្លួនពាក់ព័ន្ធករណីលួច។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់ ឈ្មោះ ទិន សុផា អាយុ៤៨ឆ្នាំ មុខរបរអ្នកបំរើការងារតាមផ្ទះ បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះប្តឹង ពីបទលួច (ហូល, ផាមួង, ក្រណាត់ក្បិន និងអាវ, សំពត់ដែលកាត់រួច) ជាច្រើនលើកច្រើនសារ នៅចំណុចផ្ទះលេខ១៣៨BIS ភូមិជ្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសួរនាំស្រ្តីជនសង្ស័យ បានសារភាពថា ខ្លួន និងកូនស្រី ឈ្មោះ ថា ស្រីនិច អាយុ១៨ឆ្នាំ បានមកបម្រើការងារផ្ទះផ្នែកចុងភៅ និងអនាម័យរបស់ម្ចាស់ផ្ទះ នៅចំណុចខាងលើ ដោយទទួលបានប្រាក់ខែ២០០ដុល្លារក្នុងមួយខែ ហើយជារៀងរាល់ថ្ងៃរូបខ្លួន និងកូនស្រីតែងតែបោសសម្អាតតាមបន្ទប់ដាក់ខោអាវ, បន្ទប់ដេករាល់ថ្ងៃ ដោយម្ចាស់ផ្ទះទុកសោរបន្ទប់ឲ្យបើកចូល លុះពេលបោសសម្អាត ហើយទើបប្រគល់សោរឲ្យម្ចាស់ផ្ទះវិញ។
រហូតដល់អំឡុងខែមីនា ឆ្នាំ២០១៩រូបខ្លួន ក៏មានគំនិតចង់បាន ហូល ផាមួង ទើបកើតចិត្តលួចតែម្តង គឺលួចបានហូល ផាមួងដែលកាត់រួច០៤, សំពត់០៣ និងក្រណាត់ហូល ផាមួង០៩ក្បិន ហើយរូបគេលួចជាច្រើនលើកច្រើនសារ ដើម្បីសន្សំឲ្យបានច្រើន រួចផ្ញើរតាមឡានតាក់ស៊ីទៅផ្ទះនៅខេត្តកំពង់ចាម។
បន្ទាប់ពីធ្វើការសួរចម្លើយរួច ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩៕