(ស្ទឹងត្រែង)៖ ស្ថានភាពទឹកទន្លេកំពុងហក់ឡើងជាបន្តបន្ទាប់ ខណៈអាជ្ញាធរ និងមន្រ្តីធនធានទឹកខេត្តស្ទឹងត្រែង បានព្រមានដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅជាប់ទន្លេសេកុង និងទន្លេមេគង្គ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកឈានដល់ការប្រកាសអាសន្ន ក្រោយទទួលរងទឹកភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៍ថា ទឹកទន្លេសេកុងកំពុងហក់ឡើងគួរឲ្យមានការប្រុងប្រយ័ត្ន រីឯទឹកទន្លេមេគង្គបាន ឡើងលើសកម្រិតប្រកាសអាសន្ន ខណៈដែលអាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក បាននិងកំពុងរៀបចំជាមធ្យោបាយផ្សេងៗ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ទទួលរងនូវការជន់លិចនេះ។

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គ ពីថ្ងៃនេះទៅគឺហក់ឡើងជាបន្តបន្ទាប់ហើយ វានឹងអាចឡើងលើសកម្រិតប្រកាសអាសន្នទៀតផង ហើយការហក់ឡើងខ្លាំង។

ជាមួយគ្រោះធម្មជាតិនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានចេញសេចក្តីជូនដំណឹងហាម ឃាត់រថយន្តធន់ធ្ងន់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ បើកបរឆ្លងកាត់ផ្លូវ ដែលរងការជន់លិច ដោយទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងផងដែរ។

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក។

នៅក្នុងសារាចរណែនាំ ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា «យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ»

យោងតាមការព្យាករកម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា៖ ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ០៨ ខែកញ្ញា ទឹកអាចកើនឡើងដល់កម្ពស់ ១២,៣៥ ម៉ែត្រ ( កម្ពស់ប្រកាសអាសន្ន ១២,០០ ម៉ែត្រ។

ជាមួយនឹងគ្រោះធម្មជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕