(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមចលនាទាំងអស់គ្នា ក្នុងការទប់ស្កាត់ការកកើតសត្វមូស ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូស ក្រោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចលនាផ្សព្វផ្សាយបញ្ជ្រៀបការយល់ដឹងនូវអត្រាកើនឡើងខ្លាំង ពីជំងឺគ្រុនឈាម ដើម្បីបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាបេត នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ កាលពីដើមខែកក្កដា កន្លងទៅ។
ការអំពាវនាវរបស់លោក ជា ពិសី ធ្វើឡើងខណៈដែលរដ្ឋបាលខណ្ឌ សហការជាមួយក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៉ី ដើម្បីរៀបចំពិធីចែកមុងជ្រលក់ថ្នាំ (ការពារជំងឺគ្រុនឈាម) ជូនដល់ប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែព្នៅ ស្ថិតនៅលើសួនច្បារប្រជាធិបតេយ្យ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត តាំង ប៊ុនឃីម ប្រធានកម្មវិធីគ្រុនឈាម នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៉ី និងលោក-លោកស្រី តំណាងរដ្ឋបាលខណ្ឌទាំង៣ មន្ត្រីរាជការ ចៅសង្កាត់ មេភូមិ សិល្បៈករ សិល្បៈការិនី ជាច្រើនរូបទៀត។
ក្នុងពិធីចែកមុងជ្រលក់ថ្នាំនេះ លោក ជា ពិសី បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការដុតចោល ឬកប់វត្ថុ ដែលអាចដក់ទឹកបាន នារដូវវស្សានេះ ក្នុងការលុបបំបាត់ជម្រកមូសខ្លា បើក្នុងករណីមានកើតឡើងកន្តួលក្រហម នៅលើស្បែក និងក្ដៅខ្លួនងងុយតែដេក សូមប្រញាប់ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះសង្ស័យអាចឆ្លងជំងឺគ្រុនឈាមហើយ។
សូមជម្រាបថា ក្រុមការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស តំណាងលោក ជា ពិសី ប្រធានកិត្តិយស រួមដំណើរដោយលោក-លោកស្រីជាមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ និងក្រុមយុវតីស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានចលនាផ្សព្វផ្សាយក្នុងការបញ្ជ្រៀបការយល់ដឹងនូវអត្រាកើនឡើងខ្លាំង ពីជំងឺគ្រុនឈាម ដើម្បីបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាបេតក្នុងពាងទឹក អាងទឹក នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក្នុងការទប់ស្កាត់ការកកើតសត្វមូស ដើម្បីការពារសុខភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូស។
ពិធីផ្សព្វផ្សាយ ដែលធ្វើឡើងដោយក្រុមការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ គឺក្នុងគោលបំណង ដើម្បីបង្ការការឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ឲ្យកាន់តែមានប្រសិទ្ធភាព នៅតាមលំនៅដ្ឋាននីមួយៗរបស់ប្រជាពលរដ្ឋ គឺគ្មានដង្កូវទឹក តាមរយៈការថែទាំសម្អាតបរិស្ថាន និងដុត ឬកប់ចោលវត្ថុដែលអាចដក់ទឹក ដើម្បីបំបាត់ទីជម្រកសត្វមូសពងកូន គួបផ្សំក្រោយពីបាញ់ថ្នាំ ឬដាក់ថ្នាំអាបេត ទើបអាចជៀសផុតពីការចម្លងជំងឺគ្រុនឈាម ដោយសារមូសខាំ៕