(ភ្នំពេញ)៖ បន្ទាប់ពីបុរសម្នាក់ដែលអះអាងថាជាមេធាវី ឈ្មោះ Brad Gordon អាយុ៤៩ឆ្នាំ បានបណ្តេញបុគ្គលិក និងសន្តិសុខចំនួន ១៧នាក់ រួមទាំងលោក សុធា អរុណ ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ «សុវណ្ណកុមារកម្ពុជា» ចេញពីកន្លែងការងារ ដោយពុំមានលិខិតស្នាមផ្លូវការណាមួយជាក់លាក់ និងគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ពិសេសពុំបានជូន ដំណឹងជាមុន ដែលផ្ទុយពីច្បាប់របស់ក្រសួងការងារនោះ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការមួយនេះ បានផ្ទុះការតវ៉ាជាថ្មី ដើម្បីសុំស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទំាងនេះ បានធ្វើការតវ៉ាសារជាថ្មី ដើម្បីស្នើសុំរអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់រួមមាន៖
*ទី១៖ បញ្ជាក់ពីមូលហេតុដែលបញ្ឈប់ពួកគាត់ដោយគ្មានឯកសារគតិយុទ្ធ
*ទី២៖ យើងខ្ញុំស្នើសុំចូលធ្វើការងារជាធម្មតាវិញ
*ទី៣៖ បើបញ្ឈប់ពួកយើងត្រូវផ្តល់ប្រាក់អតីតភាពការងារដល់ពួកយើង ដែលខំធ្វើការជាមួយអង្គការជាង ១០ឆ្នាំមកហើយ និងផ្តល់សំណងជំងឺចិត្តដល់ពួកយើង តាមគោលការណ៍ច្បាប់ ព្រោះយើងបានចុះកិច្ចសន្យាការងារជាមួយអង្គការរយៈពេល ២ឆ្នាំ។
សូមបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតឱកាសមួយសម្រាប់បុរសម្នាក់ជាជនជាតិខ្មែរ និងនារីម្នាក់ជាជនជាតិអាមេរិកកាំង នោះគឺលោក សុធា អរុណ និងលោកស្រី Elizabeth Johnson បានជួបគ្នា មានបេះដូងស្រលាញ់កូនខ្មែរដូចគ្នា ចង់ជួយកុមារកម្ពុជាដែលរងគ្រោះ កុមារកំព្រា កុមារអនាថា គ្មានទីពឹង និងទីជំរក ដោយបានបង្កើតមណ្ឌលមួយដែលមានឈ្មោះថា «សុវណ្ណកុមារកម្ពុជា»។
ពួកគេទាំងពីរមានទឹកចិត្ត និងបេះដូងជាព្រះ រួមចិត្តរួមថ្លើមតែមួយក្នុងការជួយដល់កុមារទាំងនោះ។ «សុវណ្ណកុមារកម្ពុជា» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយពួកគេទាំង២នាក់ បានទៅទទួលយកក្មេងៗ នៅតាមមន្ទីរពេទ្យ សង្គមកិច្ច និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៥៥នាក់ មករស់នៅជុំគ្នានៅក្នុង «ភូមិសុវណ្ណកម្ពុជា» យើងបានរស់នៅជាមួយគ្នាជាលក្ខណៈគ្រួសារ មានឪពុកម្តាយចិញ្ចឹម មានបងមានប្អូន មានកូនមានចៅបង្កើត មករស់នៅជុំគ្នាក្នុង «ភូមិសុវណ្ណកុមារ» យ៉ាងសប្បាយរីករាយ។
អស់រយៈពេលជាង ១៥ឆ្នាំមកហើយដោយក្មេងៗទាំងអស់ រស់នៅតាមបែបកូនអ្នកមាន មានឡានជូនទៅរៀន មានប្ហូបអាហារគ្រប់គ្រាន់ និងពួកគេបានទៅរៀននៅសាលា ឯកជន ដូចជា សាលាបញ្ញាសាស្ត្រ ប៊ែលធី វែស្សន៍ឡាញ ជាដើមអស់រយៈពេលជិត ១៥ឆ្នាំ ពិតជាមានក្តីសុខខ្លាំងណាស់ តែជាអកុសលចុងក្រោយ នៅពេលដែលElizabeth Johnson បានស្លាប់ទៅ បានបន្សល់ទុកឲ្យលោក សុធា អរុណ នៅកណ្តោចកណ្តែងតែម្នាក់ឯង ដោយគ្មានទីពឹង និងភាពកក់ក្តៅ។
តែទោះជាយ៉ាងណា លោក សុធា អរុណ ខិតខំជំនះគ្រប់ឧបសគ្គ ដើម្បីចិញ្ចឹមក្មេងៗទាំងអស់ ឲ្យបានសំរេចដល់គោលដៅ និងចក្ខុវិស័យរបស់លោកស្រី Elizabeth Johnson តែផ្ទុយទៅវិញ ក្នុងនោះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក៏បានលេចមុខបុរសម្នាក់ ដែលអះអាងខ្លួនឯងថាជាមេធាវីឲ្យគ្រួសារ Johnson ជនជាតិអាមេរិកឈ្មោះ Brad Gordon អាយុ៤៩ឆ្នាំ បានមកបណ្តេញពួកយើងចេញពីអង្គការដោយខុសច្បាប់។
សម្រាប់ខាងមេធាវីជនជាតិអាមេរិកកាំងនោះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននោះទេ៕