(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានព្រមានធ្ងន់ៗ និងលុបចោលអាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មដឹកដីណា ដែលបើកក្នុងល្បឿនលឿនប្រជែងគ្នា និងដឹកលើសទម្ងន់ និងបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ដោយមិនបានអនុវត្ត តាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរដែលធ្វើការណែនាំរាប់ភ្លេចហើយនោះ។
ការព្រមានលុបចោលអាជ្ញាប័ណ្ណ ត្រូវបានលោកស្រីអភិបាលខេត្ត លើកឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាលស្រុក អភិបាលរងក្រុង អភិបាលរងស្រុក នាយករដ្ឋបាលស្រុក នាយករដ្ឋបាលរង នាយរងទីចាត់ការ ប្រធាន អនុប្រធានប្រធាននិងអនុប្រធាន អនុប្រធានការិយាល័យសរុប៩៥នាក់ ដោយមានការចូលរួមក្រោមវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់ស្ថាប័នជុំវិញខេត្តកោះកុង នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្តថា លោកខិតខំអនុវឌ្ឍន៍នូវគោលការនយោបាយរបស់រាជរដ្ឋាភិបាលប្រគល់ជូន និងថ្នាក់ខេត្ត ដើម្បីបង្កើនធនធានមនុស្ស ឲ្យមានភាពរីកចំរើនទៅថ្ងៃមុខ ហើយខិតខំអភិវឌ្ឍន៍ស្រុកខ្លួនឯង ឲ្យមានសោភ័ណ្ឌភាព ដើម្បីលើស្ទួយផ្នែកវិស័យទេសចរណ៍ ឲ្យកាន់តែមានសក្តានុពលគ្រប់ផ្នែកវិស័យ។
លោកនឹងរួមសាមគ្គីគ្នា ជាមួយមន្ត្រីក្រោមឱវាទ ឲ្យបងប្អូនរក្សាភាពផ្ទៃក្នុងឲ្យបានល្អ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្ត ជាពិសេសលោកបេ្តជ្ញាចិត្ត ចូលរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋ រក្សាសុវត្ថិភាព សន្តិសុខជូនពលរដ្ឋគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយបក្សណាមួយឡើយ ព្រោះនេះ ជាកាតព្វកិច្ចរបស់លោក ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។
លោកស្រី មិថុនា ភូថង បានថ្លែងថា មន្ត្រីទាំងអស់ទើបតែប្រកាសចូលកាន់ភារកិច្ចថ្មី ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់ លិខិតបទដ្ឋាននិងគោលការណ៍ណែនាំនានា ជាធរមាននិងត្រូវស្វែងយល់ពីច្បាប់ ដើម្បីពង្រឹងសមត្ថភាព ខ្លួនបន្ថែម និងបន្តអនុវត្តការងារ រក្សាភាពផ្ទៃក្នុង និងពង្រឹងពង្រីកកិច្ចសហការ ឲ្យកាន់តែល្អប្រសើរជាមួយមន្ត្រីក្រោមឱវាទ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាពស្ថាប័នព្រមទាំងអ្នកពាក់ព័ន្ធនានា ធ្វើយ៉ាងណាឲ្យការ ទំនាក់ទំនង មានភាពរលូនក្នុងការងារឲ្យមានភាពរីកចំរើន។
ក្នុងឱកាសនេះ លោកស្រីអភិបាលខេត្ត បានព្រមានធ្ងន់ៗ លុបអាជ្ញាប័ណ្ណចោលទៅក្រុមហ៊ុនអាជីវកម្មដឹកដីណា ដែលបើកល្បឿនលឿន ប្រជែងគ្នាដឹកដីលើទម្ងន់មិនគ្រប មិនអនុវត្តទៅតាមការណែនាំរបស់សមត្ថកិច្ចចរាចរ និងអាជ្ញាធរមូលដ្ឋានណែនាំ ព្រោះបញ្ហាខាងលើនេះ បានបង្កគ្រោះថ្នាក់ដល់់អាយុជីវិតប្រជាពលរដ្ឋ និងបង្កការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
លោកស្រី បានបន្ថែមថា ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានរថយន្តដឹកដី១គ្រឿង បានបើកក្នុងល្បឿនលឿនជ្រុលចង្កូចបុករះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នង ម៉ូតូ៤គ្រឿង និងជីវិតមនុស្ស៣នាក់ទៀតផង។ ហេតុដូច្នេះ បានឲ្យសមត្ថកិច្ចជំនាញចរាចរ និងអាជ្ញាធរស្រុកតាមមូលដ្ឋាន ត្រូវត្រួតពិនិត្យមើលពីបញ្ហានេះ នូវភាពជាក់ស្តែងបើក្រុមហ៊ុនដឹកដីណា មិនអនុវត្តតាមការណែនាំច្បាប់ចរាចរ ត្រូវលុបអាជ្ញាប័ណ្ណនោះចោល។
លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងធ្វើអនាម័យបរិស្ថាន ដើម្បីហេដ្ឋារចនាសម្ព័ន្ធខេត្ត ឲ្យមានភាពស្រស់បំព្រង ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ខេត្តកោះកុង៕