(កូរ៉េខាងត្បូង)៖ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការ កសាងហេដ្ឋារចនាសម្ព័ន្ធសកល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានវត្តមានចូលរួមផងដែរពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េផងដែរ បានចូលរួមប្រជុំទ្វេភាគីជាមួយ លោក ផាក ស៊ុនហូ អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យអាកាសចរស៊ីវិល។
នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះផងដែរ លោកបណ្ឌិត រដ្ឋមន្ត្រី បានជម្រាបជូនលោក ផាក ស៊ុនហូ អំពីការរីកចម្រើន នៃវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលើកបង្ហាញអំពីកត្តាប្រឈមមួយចំនួន ដែលតម្រូវឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ខិតខំប្រឹងប្រែងបន្ថែមទៀត តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដកស្រង់បទពិសោធន៍ល្អៗ ពីសាធារណរដ្ឋកូរ៉េ ជាពិសេសស្របពេលដែលវិស័យអាកាសចរស៊ីវិលកូរ៉េ កំពុងតែមានការរីកចម្រើន ជាលំដាប់ប្រកបដោយនិរន្តរភាព។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើសុំការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ លើសំណើសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធនឹងវិស័យអាកាសចរស៊ីវិលកម្ពុជាដូចខាងក្រោម៖
១៖ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពគ្រូបង្គោលបន្ថែមទៀត របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបង្រៀនតាំងពីឆ្នាំ២០១៧ ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
២៖ ជំនួយបច្ចេកទេស លើការដាក់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ សម្រាប់ការគ្រប់គ្រង តាមដាន សុវត្ថិភាពអាកាសចរស៊ីវិល និងប្រព័ន្ធគ្រប់គ្រងព័ត៌មានសុវត្ថិភាពអាកាសចរណ៍ (Safety Oversight Management and Safety Management Information System)។
៣៖ ជំរុញ និងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើនការហោះហើររវាងប្រទេសទាំងពីរ ដោយអង្កេតឃើញថា ភ្ញៀវទេសចរពីកូរ៉េ ទៅទស្សនាប្រទេសកម្ពុជា មានការធ្លាក់ចុះបន្តិច បើប្រៀបធៀបជាមួយភ្ញៀវទេសចរណ៍ ពីបណ្តាប្រទេសផ្សេងៗទៀត៕