(សៀមរាប)៖ សាកលវិទ្យាល័យបាត់ដំបង (UBB) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពី «ការស្វែងយល់អំពីលទ្ធផលសិក្សារំពឹងទុក វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃសិក្សា ដើម្បីធ្វើភាពបន្ស៊ីគ្នា» និង «ស្វែងយល់ពីស្តង់ដាវាយតម្លៃរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (ACC) និង បណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN) ព្រមទាំងនីតិវិធីសរសេររបាយការណ៍ស្វ័យវាយតម្លៃផ្ទៃក្នុង (SAR)» នៃគម្រោងកែលម្អការអប់រំថ្នាក់ឧត្តមសិក្សា សម្រាប់សាកលវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាព លោកស្រី សៀង ឯមទទឹមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង។
សិក្ខាសាលានេះ បានរៀបចំឡើងចាប់ពីថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
សាកលវិទ្យាល័យ បានអញ្ជើញវាគ្មិនជំនាញ មកពីអគ្គនាយដ្ឋានឧត្តមសិក្សា និងមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់សិក្ខាកាមចំនួន៣០នាក់ ដែលជាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យបាត់ដំបង។
សិក្ខាសាលានេះ មានគោលបំណងពង្រឹងការយល់ដឹង ទៅលើការធានាគុណភាពអប់រំ នៅសាកលវិទ្យាល័យបាត់ដំបង តាមរយៈការបញ្ជ្រាបនូវប្រធានបទសំខាន់ៗចំនួន៤ដូចជា៖
១៖ លទ្ធផលសិក្សារំពឹងទុក និងរបៀបសរសេរលទ្ធផលសិក្សារំពឹងទុក ដែលអាចវាស់វែងបានរាប់តាំងពីកម្មវិធីសិក្សា ដល់មុខវិជ្ជានីមួយៗ
២៖ របៀបធ្វើភាពបន្ស៊ីគ្នារវាង លទ្ធផលសិក្សារំពឹងទុក វិធីសាស្រ្តបង្រៀន និងវិធីសាស្រ្តវាយតម្លៃសិក្សា
៣៖ យល់ដឹងបន្ថែមទៅលើស្តង់ដា វាយតម្លៃរបស់ ACC និង AUN និង
៤៖ នីតិវិធីសរសេររបាយការណ៍ស្វ័យវាយតម្លៃ នៃស្តង់ដារបស់ ACC។
សូមជម្រាបផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជាង៩២.៥លានដុល្លារអាមេរិក ដើម្បីធ្វើកំណែទម្រង់ និងកែលម្អការអប់រំថ្នាក់ឧត្តមសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៥ និងសាកលវិទ្យាល័យឯកជនមួយចំនួន ក្នុងនោះ សាកលវិទ្យាល័យបាត់ដំបង ត្រូវបានក្រសួងអប់រំ ជ្រើសរើសដើម្បីអនុវត្តន៍គម្រោងនេះ ផងដែរ៕