(ប៉ៃលិន)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លើការងារគ្រប់គ្រងសំណង់អាគារ ដល់ម្ចាស់ក្រុមហ៊ុនសំណង់ក្នុងខេត្ត នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូនីយកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ បច្ចេកទេសគុណភាព និងច្បាប់សាងសង់សំណង់អាគារនានាក្នុងខេត្តឲ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមបទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅក្នុងខេត្ត និងពិនិត្យមើលលក្ខណសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់ តាមការដ្ឋានសំណង់។
លើសពីនោះទៅទៀត លោក ផាន់ ចាន់ធុល បានបន្ថែមថា ជាពិសេសត្រូវណែនាំ ដល់ម្ចាស់ក្រុមហ៊ុនសំណង់ទាំងអស់ ឲ្យចូលរួមសហការធ្វើប្លង់ដី និងច្បាប់សាងសង់ ដើម្បីឲ្យមន្រ្តីជំនាញធ្វើការត្រួតពិនិត្យ ការងារសងសង់ ប្រកបទៅដោយគុណភាពរឹងមាំ សំដៅទប់ស្កាត់ ការពារ កុំឲ្យប៉ះពាល់ ដល់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការដល់រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស ត្រូវចាត់វិធានការផ្លូវច្បាប់ លើការងារសាងសង់ ដើម្បីធានាដល់ការប្រើប្រាស់សំណង់ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងធានាដល់គុណភាព និងសុវត្ថិភាពសំណង់សុខុមាលភាពម្ចាស់សំណង់ និងអ្នកប្រើប្រាស់ រួមទាំងសាធារណៈជនផងដែរ។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ទាំងអស់ នៅក្នុងខេត្តត្រូវធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេសសំណង់ ព្រមទាំងមានការទទួលខុសត្រូវ និងត្រួតពិនិត្យ ការដ្ឋានសាងសង់របស់ខ្លួនឲ្យបានហ្មត់ចត់ ចៀសវាងការធ្វេសប្រហែស ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ហើយក្នុងករណីរកឃើញថា ក្រុមហ៊ុនសំណង់ណាមួយ ដែលធ្វើការសាងសង់ ដោយមិនមានលិខិតអនុញ្ញាតតាមផ្លូវច្បាប់ ក្រុមហ៊ុននិងម្ចាស់សំណង់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជំនាញចម្រុះ បានធ្វើការចុះត្រួតពិនិត្យ លើសំណង់អាគារចំនួន១០ រកឃើញសំណងអាគារចំនួន៥ មិនទាន់មានច្បាប់បទដ្ឋានគតិយុត្តិ និងបទដ្ឋានបច្ចេកទេសសំណង់ត្រឹមត្រូវ៕