(ពោធិ៍សាត់)៖ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តពោធិ៍សាត់ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក គិត សុផា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តពោធិ៍សាត់ ដែលបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះត្រូវបានសហការរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់ និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀតជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល សំដៅចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។
ថ្លែងក្នុងអង្គវេទិកាសន្ទនាកាលពីព្រឹកមិញនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានសង្កត់ធ្ងន់ថា អង្គការសង្គមស៊ីវិលទាំងអស់ត្រូវតែទទួលស្គាល់អំពីគុណតម្លៃរួម ក្នុងការអនុវត្តការងាររវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលនាពេលកន្លងមក ដោយសារតែសមិទ្ធផលទាំងឡាយដែលអង្គការសង្គមស៊ីវិលសម្រេចបាន តែងមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាល តាមរយៈការធានាឱ្យមានសុខសុវត្ថិភាពនិងស្ថិរភាពទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ រាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលត្រូវបន្តបង្កើនកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងបង្កើតភាពដៃគូដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តពោធិ៍សាត់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន និងត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ ជាពិសេសត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបានការការពារដោយច្បាប់ និងអនុគ្រោះពន្ធផ្សេងៗ។
សូមជម្រាបជូនថា នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ ក៏បានជជែកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈមនិងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះនាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នាផងដែរ។