(ភ្នំពេញ)៖ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៧គ្រួសារ រស់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងសមាជិកក្រុមប្រឹក្សា សង្កាត់ឫស្សីកែវ កំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ ដែលមានជំងឺកំពុងពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានថ្លែងអំណរគុណលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈក្រុមការងារអនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគម។
ការថ្លែងអំណរគុណ និងជូនពររបស់ប្រជាពលរដ្ឋងាយរងគ្រោះ សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ និងសមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលបានការយកចិត្តទុកដាក់សួរសុខទុក្ខ និងឧបត្ថម្ភទាំងគ្រឿងឧបភោគបរិភោគ និងថវិកាដោយផ្ទាល់ ពីសំណាក់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ។
សូមជម្រាបថា រយៈពេល២ថ្ងៃជាប់គ្នានេះ ពោលចាប់ពីថ្ងៃទី២-៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៧គ្រួសារ រស់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលកំពុងខ្វះខាតបានទទួលការជួយសង្គ្រោះជាគ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ដោះស្រាយក្នុងជីវភាពមួយចំនួន ពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះ លោក ធូ សេរីវុធ សមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក៏ទទួលបានការជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាផងដែរ បន្ទាប់ពីលោកស្រី យ៉ា សំរ៉ស់ សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ ដែលមានជំងឺត្រូវបានក្រុមការងារកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រៀបចំបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី។
ចំពោះការងារមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា អំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះតែប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះប៉ុណ្ណោះ ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
លើកឡើងនាឱកាសនេះដែរ លោកស្រី អាន ផល្លា ជា ពិសី សូមជូនពរសមាជិកក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ និងសមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ជាមួយប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរ ត្រូវហូបស្អាត ផឹកស្អាត ពោលគឺការរស់នៅស្អាតជានិច្ច ជៀសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ៕