(ស្វាយរៀង)៖ ដើម្បីចូលរួមយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ចេញកម្លាំងទៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅវេលាម៉ោង៥ ដល់ ៧៖៣០នាទី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកកម្មករជាង ២០០គ្រឿង។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កម្លាំងនេចរាចរណ៍ក្រុងស្រុកទាំង៨ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកកម្មករ និងការអនុវត្តកិច្ចសន្យាដាក់កៅអីអង្គុយសំរាប់កម្មករ បានចំនួនគោលដៅ២០ គោលដៅ និងពិនិត្យរថយន្តដឹកកម្មករសរុប២១៩ /៥១៨ គ្រឿង ក្នុងនោះមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់២១៩ គ្រឿង អ្នកបើកបរមានបណ្ណ បើកបរត្រឹមត្រូវគ្រប់គ្រាន់២១៧នាក់ (ប្រភេទបណ្ណខុសយានយន្ត និងប្រឡងយកបណ្ណ ហើយតែមិនទាន់បាន២នាក់ធ្វើការអប់រំ។ រថយន្តមិនទាន់ដាក់កៅអី១ គ្រឿង (អប់រំ) ផងដែរ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់ចេញបទបញ្ជាដល់អធិការក្រុង ស្រុក កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំងអស់ ត្រូវចុះផ្សព្វផ្សាយ ណែនាំដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីកាត់បន្ថយគ្រោះចរាចរណ៍ ដែលកើតឡើងជាយថា ហេតុដែលរយៈកាលកន្លងមក មានរថយន្ត ដឹកកម្មករបានជួបគ្រោះថ្នាក់ចរាចរណ៍មានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅក្នុងខេត្តស្វាយរៀងផងដែរ៕