(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា បានរៀបចំកម្មវិធី បិទវគ្គសុក្រឹតការជំនាន់ទី១៣ សម្រាប់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា។ កម្មវិធីបិទវគ្គសុក្រឹតការជំនាន់ទី១៣ ធ្វើឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមប្រមាណ៦៥នាក់។
ក្នុងឱកាសអញ្ជើញចូលរួមបិទ វគ្គសុក្រឹតការជំនាន់ទី១៣ លោក ជា ចាន់តូ បានផ្ដល់មតិផ្តាំផ្ញើ ដល់មន្ត្រីបុគ្គលិកជំនាន់ក្រោយរួមមាន៖
១៖ បន្តដុសខាត់ចំណេះដឹងទាំងចំណេះដឹងទូទៅ និងជំនាញ
២៖ ចេះប្រើប្រាស់ចំណេះដឹងបម្រើប្រយោជន៍ការងារប្រចំាថ្ងៃឱ្យចំទិសដៅ និងមានប្រសិទ្ធភាព។ ៣៖ គោរពការចាត់តាំង គោរពវិន័យការងារ
៤៖ មានភាពស្មោះត្រង់ចំពោះការងារ និងថ្នាក់ដឹកនាំ
៥៖ រក្សាការសម្ងាត់វិជ្ជាជីវៈជូនអតិថិជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា
៦៖ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខងារ និងភារកិច្ច
៧៖ មានឆន្ទៈអភិវឌ្ឍខ្លួនឯងតាមរយៈ ការខិតខំព្យាយាមស្វ័យសិក្សា និងស្រាវជ្រាវឯកសារផ្សេងៗ។
លោកអគ្គទេសាសាភិបាល ក៏បានកោតសរសើរស្មារតីថ្នាក់ដឹកនាំ និងក្រុមការងារដែលតែងតែ យកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីបុគ្គលិកក្មេងៗជំនាន់ក្រោយ ដើម្បីក្លាយជាមន្រ្តីប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់ដែលអាចចូលរួមចំណែកគាំទ្រ និងលើកកម្ពស់មុខងារតួនាទីស្ថាប័ន។
សូមជម្រាបថា វគ្គសុក្រឹតការនេះជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា និងរៀបចំឡើងក្នុងគោលបំណង ផ្តល់ការបណ្តុះបណ្តាលស្តីពី ការអនុវត្តមុខងារ-ភារកិច្ច របស់ធនាគារកណ្តាល ដល់មន្ត្រីបុគ្គលិកវ័យក្មេង ដែលទើបតែចូលបម្រើការងារ នៅធនាគារជាតិនៃកម្ពុជា និងមន្ត្រីដែលមិនធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។
វគ្គបណ្ដុះបណ្ដាលនេះ ជាយន្តការមួយនៃក្របខ័ណ្ឌ បណ្តុះបណ្តាលមន្រ្តី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា៕