(កំពងធំ)៖ ស្រ្តីមេម៉ាយម្នាក់ត្រូវឃាតកមិនស្គាល់មុខកាប់សម្លាប់ រួចហើយរត់គេចខ្លួនបាត់។ អំពើឃាតកម្ម ដ៏យ៉ាងសាហាវឃោឃៅនេះ ត្រូវបានគេប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់នៅលើផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិត្រពាំងជ្រៃ ឃុំបល័្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ឌួល ឃៀង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុកនៅនិងតូបមុខផ្ទះរបស់ខ្លួន មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីឈ្មោះ គុយ ឃិត ត្រូវជាកូនស្រីច្បងរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ថា ម្ដាយគាត់មានកូនស្រីចំនួន ៤នាក់ សុទ្ធតែមេម៉ាយទាំងអស់ ដោយសាជីវភាពខ្វះខាត ប្អូនស្រីគាត់ទាំង ៣នាក់ បានធ្វើចំណាកស្រុកទៅធ្វើការប្រទេសថៃ សព្វថ្ងៃម្តាយបានរស់នៅជាមួយចៅតូចៗ២នាក់ ដែលជាក្មេងកំព្រាឪពុក ហើយលក់នំបញ្ចុកនៅតូបមុខផ្ទះជារៀងរាល់ព្រឹក។
បើតាមសំដីអ្នកជិតខាង ស្រ្តីរងគ្រោះជាមនុស្សល្អ មិនដែលមានទំនាស់ទាស់ទែងជាមួយអ្នកដ៏ទៃនោះទេ។ រៀងរាល់ថ្ងៃគាត់តែងតែលក់នំបញ្ចុកនៅខាងមុខផ្ទះ លុះព្រឹកថ្ងៃកើតហេតុ មិនឃើញស្រ្តីរងគ្រោះចុះមកលក់នំបញ្ចុកហើយ ឃើញចៅស្រីអាយុទើបតែ៦ឆ្នាំ អង្គុយយំនៅមាត់ទ្វារផ្ទះ។
ពេលនោះគាត់ក៏រត់មកសួរនាំ លុះពេលឡើងដល់លើផ្ទះ ក៏ប្រទះឃើញម្តាយ ដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ហើយបានរាយការណ៍ទៅអាជ្ញាធរ និងសម្ថកិច្ចភ្លាមៗ ដើម្បីពិនិត្យ និងធ្វើកោសលវិច្ច័យ។ ក្រោយសមត្ថកិច្ចជំនាញ បានពិនិត្យ និងធ្វើកោសលវិច្ច័យរួចហើយបានសន្និដ្ឋានថា ជាករណីអំពើឃាតកម្មប្រាកដមែន។
ពេលពិនិត្យសាសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិ និងកូនចៅធ្វើបុណ្យតាមប្រពៃណី។ សម្រាប់ជនដៃដល់ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់បានភ្លាមៗ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ឈ្មោះ ម៉ុល វុទ្ធ អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនដើម្បីបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោស៕