(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងាររយៈពេលមួយឆ្នាំ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី អ៉ិត សំហេង នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានប្រកាសចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តើមចេញពីយុទ្ធសាស្ត្រនេះ ក្រសួង-ស្ថាប័ននីមួយៗបានរៀបចំផែនការយុទ្ធសាស្ត្រទៅតាមវិស័យរបស់ខ្លួន ក្នុងនោះក្រសួងការងារ ក៏បានរៀបចំនូវផែនការយុទ្ធសាស្ត្រការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វឌ្ឍនភាពការងាររយៈពេល១ឆ្នាំ របស់ក្រសួងការងារ បានចូលរួមចំណែកសម្រេចឱ្យបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដោយបានសម្រិតសម្រាំង និងធ្វើអាទិភាវូបនីយកម្មនូវសកម្មភាពជាយុទ្ធសាស្ត្រទាំង៥ ដែលមានចែងនៅក្នុងផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ ឱ្យកាន់តែមុតស្រួចថែមទៀត ជាពិសេសបានកំណត់នូវសូចនាករលទ្ធផលការងារ ពេលវេលា និងអង្គភាពប្រតិបត្តិករកាន់តែច្បាស់លាស់ និងមានសង្គតិភាពជាមួយក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
ក្រសួងការងារក៏បានបង្ហាញយុទ្ធសាស្ត្រអាទិភាពទាំង៥ សម្រាប់អាណត្តិទី៦នេះផងដែរ ក្នុងនោះរួមមាន៖
១៖ ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
២៖ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៣៖ ការរក្សា បង្កើនមុខរបរ និងការងារនៅក្នុង-ក្រៅប្រទេស។
៤៖ ការអភិវឌ្ឍរបបសន្តិសុខសង្គម ។
៥៖ ការពង្រឹងសេវាគាំទ្រទូទៅ៕