(រតនគិរី)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រសួងនឹងបន្តខិតខំជំរុញ ការងារអភិវឌ្ឍន៍ជូនបងប្អូនជនជាតិដើមភាគតិច ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីកាលទី៦ នៃរដ្ឋសភា ពោលគឺនឹងធ្វើឲ្យមានការប្រែប្រួល និងភាពរីកចម្រើនយ៉ាងពិតប្រាកដ ទាំងជីវភាពរស់នៅ ទាំងការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាពក្នុង «ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៥» ដែលក្រសួងអភិវឌ្ឍន៍ជនបទ តែងតែប្រារព្ធធ្វើ ជារៀងរាល់ឆ្នាំ។ ទិវានេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។
បន្ទាប់ពីពិធីសែនព្រេន ដែលជាទំនៀមទំលាប់ របស់បងប្អូនជនជាតិដើមភាគតិច និងមតិស្វាគមន៍របស់លោក ថង សាវុន អភិបាលខេត្តរតនគិរី រួចមក លោក សុត សឿង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ថា ជនជាតិដើមភាគតិចនៅកម្ពុជា មានប្រមាណជាង១ភាគរយនៃប្រជាជនសរុប នឹងរស់នៅ១៥ខេត្ត ភាគច្រើន រស់នៅខេត្តភូមិភាគឥសាននៃប្រទេស មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលមានប្រមាណ២៤ក្រុម មានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របៀបរស់នៅ និងប្រើប្រាស់ ភាសាខុសៗគ្នា។
លោក សុត សឿង បន្ដថា នេះជាលើកទី១៥ ដែលក្រសួងបានប្រារព្ធទិវានេះ ក្រោមប្រធានបទ «ភាសាជនជាតិដើមភាគតិច» ក្នុងគោលបំណងសំខាន់ៗ៣៖
គឺ១៖ ចូលរួមលើកតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា និងបង្កើនការចូលរួម ពីសំណាក់ជនជាតិដើម ភាគតិច ក្នុងការធ្វើផែនការ និងការវាយតម្លៃដំណើរការធ្វើផែនការអភិវឌ្ឍ ក្នុងសហគមន៍របស់ពួកគាត់ និងផែនការអភិវឌ្ឍន៍ជាតិ។
ទី២៖ ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាព ពីជនជាតិដើមភាគតិច ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
ទី៣៖ ចូលរួមអបអរសាទរ ជាមួយជនជាតិដើម ភាគតិចពិភពលោក ដែលបានដាក់ចេញដោយមហាសន្និបាទ អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការ សម្រេចឲ្យមានទិវានេះ នៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។
ក្នុងចំណាប់អារម្មណ៍របស់តំណាងជនជាតិដើមភាគតិច អង្គការជាតិ និងតំណាងការិយាល័យឧត្ដមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា សុទ្ធតែបានបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ព្រមទាំងសុំឲ្យរាជរដ្ឋាភិបាល ផ្ដល់នូវកញ្ចប់ថវិកាបន្ថែមដល់ក្រសួងនានា ដើម្បីការពារ លើកកម្ពស់វប្បធម៌ ទំនៀមទំលាប់ និងសិទ្ធិរបស់ជនជាតិដើមភាគតិច នៅកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី ក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅទូទាំងកម្ពុជា ដោយបានជម្រាបជូនពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនជនជាតិដើមភាគតិច ចាប់តាំងពីទសវត្សឆ្នាំ៨០ និង៩០មក។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិច ក៏ដូចជាប្រជាជនទូទាំងប្រទេស តាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមាន វិស័យមួយចំនួន ជាការទទួលខុសត្រូវ របស់ក្រសួងអភិវឌ្ឍន៍ជនបទដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ការថែទាំសុខភាពជាមូលដ្ឋាន ការផ្ដល់ឥណទានជនបទ ដើម្បីផ្តល់លក្ខខណ្ឌ នៃការរស់នៅរបស់បងប្អូននៅទីជនបទ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកបន្ដថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំយកចិត្តទុកដាក់ ក្នុងការកសាងច្បាប់ព្រះរាជក្រឹត្យ អនុក្រឹត្យ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានារួមមាន៖ ច្បាប់ភូមិបាល, គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិ ដើមភាគតិច, គោលនយោបាយ ស្ដីពី ការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច, អនុក្រឹត្យស្តីពី នីតិវិធីនៃការចុះបញ្ជីដី សហគមន៍ជនជាតិដើមភាគតិច, សារចរណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងអភិរក្សពហុវប្បធម៌ជាតិ និងអភិវឌ្ឍន៍គ្រួសារជនជាតិដើមភាគតិច ឲ្យចាកផុតពីភាពក្រីក្រដោយផ្សារភ្ជាប់ ទៅនឹងផែនការអភិវឌ្ឍន៍ជាតិ និងកិច្ចការពារ ផលប្រយោជន៍ទូទៅ, សៀវភៅណែនាំស្តីពី ដំណើរការនៃការកំណត់អត្តសញ្ញាណ ការចុះបញ្ជីជានីតិបុគ្គល និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ដល់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
លោកបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិច ចំនួន១៤៦សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើម ភាគតិច សរុបចំនួន៤៥៥។ ដោយឡែក ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិភាគតិច ជានីតិបុគ្គល បានចំនួន១៣៩សហគមន៍ ក្នុងនោះ សហគមន៍ចំនួន២៤ បានទទួលប័ណ្ណកម្មសិទ្ធិដីសមូហភាព ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។
លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូជាតិ-អន្តរជាតិ បានផ្តូចផ្តើមគំនិត និងរៀបចំឲ្យមានជាភូមិគំរូ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងចូលរួមអភិរក្សនូវភាសាវប្បធម៌ប្រពៃណី និងទំនៀមទំលាប់ របស់បងប្អូនជនជាតិដើមភាគតិច ជាមួយនេះ ក្រសួងនឹងបន្តខិតខំជំរុញ ការងារអភិវឌ្ឍន៍ជូនបងប្អូនជនជាតិដើមភាគតិច ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីកាលទី៦ នៃរដ្ឋសភា ពោលគឺនឹងធ្វើឲ្យមានការ ប្រែប្រួល និងភាពរីកចម្រើនយ៉ាងពិតប្រាកដទាំងជីវភាពរស់នៅ ទាំងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់៕