(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្តេជ្ញាបង្ខិតការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវចង់ បានរបស់ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញ បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឲ្យមានក្រុមបដិសណ្ឋារកិច្ចនៅទាំង ១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា សាធារណៈនៅតាមមូលដ្ឋានឲ្យកាន់តែល្អតាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ខណៈនៅតាមបណ្តាខណ្ឌទំាងអស់ក្នុងរាជធានីភ្នំពេញ មានការិយាល័យច្រកចេញចូលតែមួយរួចរាល់អស់ហើយ។
លោក ឃួង ស្រេង បានថ្លែងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណ:ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ និងសមាជិកសមាជិកាគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
កិច្ចពិភាក្សាការងារនាពេលនេះ មានគោលបំណង សិក្សាស្វែងយល់ពីស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា លទ្ធផលការងារ បញ្ហាប្រឈម ក៏ដូចជា ពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាឲ្យដឹងថា ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាយន្តការអាទិភាពស្របតាមតម្រូវការចង់បានរបស់ ប្រជាពលរដ្ឋ ខណៈដែលក្រុមបដិសណ្ឋារកិច្ចនៅតាមសង្កាត់នេះ នឹងបំពេញតួនាទីជំនួសឲ្យចៅសង្កាត់ដែលអាចផ្តល់សេវាភ្លាមៗ ជាបន្ទាន់ជូនប្រជាពល រដ្ឋដែលមកទទួលេសេវា។
លោកអភិបាលបានថ្លែងថា យន្តការនេះមិនត្រឹមតែផ្តល់វេលាគ្រប់គ្រាន់សម្រាប់ចៅសង្កាត់ បានចុះត្រួតពិនិត្យសា្ថនភាពនានានៅតាមមូលដ្ឋានរបស់ខ្លួន និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធប៉ុណ្ណោះទេ តែថែមទំាងបានឈានទៅលុបបំបាត់ពាក្យដែលប្រជាពលរដ្ឋនិយាថាចង់ ជួបចៅសង្កាត់ យ៉ាប់ជាងជួបរដ្ឋមន្រ្តីទៅទៀត។
លោកបន្តថា «យើងបានអញ្ជើញក្រុមការងារបដិសណ្ឋរកិច្ចមកបណ្តុះបណ្តាលបន្ថែម ដើម្បីឲ្យគាត់យល់ពីកិច្ចការងាររបស់គាត់ក្នុងការទទួល និងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្រុមពួកគាត់ទទួល ខុសត្រូវទំាងអស់នូវលិខិតស្មាមរបស់ប្រជាពលរដ្ឋ នៅពេលដែលចៅសង្កាត់មិននៅកន្លែង ហើយគាត់រត់ទៅរកចៅសង្កាត់ឲ្យចុះហត្ថលេខា។ កិច្ចការនេះយើងអនុវត្តបានជោគជ័យដោយ លុបបំបាត់នូវពាក្យ ដែលថារកចៅសង្កាត់ពិបាកជាងរករដ្ឋមន្រ្តីបានជាស្ថាបពរនៅរាជធានីភ្នំពេញ។ នេះជាបទពិសោធន៍ មួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីធ្វើយ៉ាងណាអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបាល្អក្នុងការបង្ខិតសេវាសាធារណៈឲ្យនៅគៀកកិតប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ»។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្រៅពីរដ្ឋបាលរាជធានីភ្នំពេញក៏បានខិតខំ ពង្រឹងការធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់គុណភាពសេវាអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចក្នុងការ លើកកម្ពស់កិច្ចការទំាង៤នេះ ដោយទទួលបានជោគជ័យ ដែលធានាសង្គមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅរាជធានីភ្នំពេញ នាពេលនេះ ជារាជធានី/ខេត្តលើកទី២៤ ហើយ ដែលគណៈកម្មការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍និងការ ប្រឈមនានាសម្រាបយកទៅដោះស្រាយក្នុងកិច្ចប្រជុំរដ្ឋសភា៕