(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យនិស្សិតឆ្នើម ហុង ភារិន ចូលជួប និងសំដែងការគួរសមនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងពីធីសំណេះសំណាល លោកស្រីកិត្តិសង្គហបណ្ឌិត បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែលមានសមត្ថភាពពិសេស អាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសារទរចំពោះគ្រួសារ ភា រិន ដែលមានកូនឆ្លាត និងបានបង្ហាញនូវសម្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាងបានទទួលស្គាត់ថា ជាមនុស្សអច្ឆរិយៈ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិតក៏ក្រើនរំលឹកដល់ ភារិន ឲ្យខិតខំប្រឹងប្រែងបង្កើននូវសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដោយមិនត្រូវភ្លេចខ្លួនឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកខ្ពស់ចំពោះបណ្តុះបណ្តាលធនធានមនុស្ស និងបានថ្លែងអំណរគុណចំពោះ លោកស្រីកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាឲ្យលោកបានជួបសំដែងការគួរសម និងបានទទួលនូវអានុសាសន៍ល្អៗសម្រាប់យកទៅ អភិវឌ្ឍខ្លួនបន្ថែមទៀត។
នាឱកាសនោះ ភារិន ក៏បានប្តេជ្ញាថា នឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីចែករំលែកចំណេះដឹងរបស់លោកដល់សិស្សនិស្សិតកម្ពុជា ហើយនិងចង់សម្រេចនូវក្តីសុបិន្តពីររបស់លោករួមមាន៖
*ទី១៖ លោកនឹងយកនូវចំណេះដឹងផ្នែកអភិវឌ្ឍន៍ជនបទ មកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត
*ទី២៖ លោកមានបំណងចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ នៅប្រទេសចិននាពេលខាងមុខនេះ។
ជាទីបញ្ចប់ លោកស្រីកិត្តិសង្គហបណ្ឌតិ ក៏បានជូនពរឲ្យ លោក ហុង ភារិន មានសុខភាពល្អ និងបានសម្រេចនូវបំណងប្រាថា្នដែលខ្លួនចង់បាននាពេលអនាគត ជាពិសេស សូមឲ្យ ភារិន បានទទួលជោគជ័យក្នុងការប្រគួរការចងចាំលំដាប់ពិភពលោកនៅប្រទេសចិននាពេលខាងមុខនេះ ដើម្បីលើកកម្ពស់កិត្តិយសគ្រួសារផង និងកិត្តិយសប្រទេសជាតិផង៕