(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពងឆ្នាំង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានចាត់ឱ្យក្រុមការងារនាំយកថវិកាបេឡាមរណ សង្រ្គោះ ចំនួន៤លានរៀល ជាថវិកាសមាគមអតីតយុទ្ធជន ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ប្រគល់ជូនគ្រួសារសពអតីតយុទ្ធ នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។
ប្រធានសមាគមខេត្ត បានចាត់ឲ្យលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារ ថ្នាក់ ឃុំ ស្រុក ជាច្រើនរូបទៀត នាំយកថវិកាចំនួន ៤,០០០,០០០រៀល និងលិខិតចូលរួមមរណទុក្ខប្រគល់ជូនលោកស្រី តូច ចាន់ឌី ត្រូវជាកូនរបស់សព សមាជិក សអក ឈ្មោះ ម៉ៅ ឌីម ប្រភេទគ្រួសារមរណៈ ID (DA03000362) ដែលបានទទួលមរណភាពវេលាម៉ោង១១៖២៥នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។
គ្រួសារសពលោក ម៉ៅ ឌីម បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសម្តេចប្រកបដោយពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យក្រុមការងារ សមាគមអតីតយុទ្ធជន ទទួលបានជោគជ័យគ្រប់ភារកិច្ច៕