(កណ្តាល)៖ ជាការយកចិត្តទុកដាក់ជាប្រចាំ និងដើម្បីសំដៅពង្រឹងសុវត្ថិភាព គុណភាពម្ហូប និងចំណីអាហារ ដែលកំពុងចររាចរណ៏លើទីផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល សហាការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល រួមជាមួយអាជ្ញាធរស្រុក និងគណៈកម្មាការផ្សារ បានចុះពិនិត្យ គុណភាពមុខទំនិញ ដែលកំពុងចររាចរណ៏ នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្តីកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅផ្សារគគីរខាងលើ ក្រុមការងារបានធ្វើការពិនិត្យ ទៅលើគុណភាពអាហារកំប៉ុង សាច់ជ្រូក-គោ ណែម ប្រហិត ជ្រក់ និងផលិតផលផ្សេងៗ ដែលមានសភាពខួចគុណភាព កំពិទ ហួសការបរិច្ជេទ និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារមួយចំនួន ដែលកំពុង ចរាចរណ៍នៅលើទីផ្សារ ក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារ សំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដោយមិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។ ក្រុមការងារកាំកុងត្រូល ក៏បានចែកស្ទីកឃ័រ ផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ និងអាជីករផងដែរ។
មន្ត្រីសាខាកាំកុងត្រូល បានក្រើនរំលឹកដល់អាជីវករទាំងអស់ ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាព មានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រពលរដ្ឋទិញយកទៅប្រើប្រាស់ នាំឲ្យប៉ះពាល់ដល់ សុខភាព កើតជម្ងឺផ្សេងៗ ធ្វើអោយប្រជាពលរដ្ឋត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺ ដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព។
មន្ត្រីសាខាកាំកុងត្រូល បានណែនាំដល់អាជីវករត្រូវរៀបចំទុកដាក់ មុខទំនិញឱ្យបានត្រឹមត្រូវ ទុកដាក់ទំនិញទៅតាមប្រភេទ ដោយបែងចែកប្រភេទចំណីអាហារ និងប្រភេទគីមី ដូចជាសាប៊ូ ឱ្យនៅដាច់ឆ្ងាយពីគ្នា និងណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ ចៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕