(ក្រចេះ)៖ ផ្ទះចំនួន៤៧ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ពិធីប្រគល់ផ្ទះនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងក្រោមអធីបតីភាពទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ, កំពង់ចាម និងខេត្តក្រចេះ។ ដោយឡែកអតីតយុទ្ធដែលបានទទួលផ្ទះនេះ មកពីខេត្តត្បូងឃ្មុំ ចំនួន ៣៨គ្រួសារ និងខេត្តកំពង់ចាម ចំនួន ០៩គ្រួសារ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា អតីតយុទ្ធជនមានជីវភាពក្រីក្រលំបាក ហើយស្ម័គ្រចិត្តមករស់នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ គិតមកដល់ពេលនេះ បានទទួលផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៤ខ្នងហើយ។ ក្នុងនោះខេត្តក្រចេះ ៤២ខ្នង, កំពងចាម ៣៤ខ្នង និងខេត្តត្បូងឃ្មុំ ៣៨ខ្នង។
ជាមួយនឹងការនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកទេសរដ្ឋមន្ដ្រី គន់ គីម បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា គោរពស្រឡាញ់គ្នាអោយដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។ លើសពីនេះ ត្រូវជឿជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស សន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន ក្រោមនយោបាយឈ្នះឈ្នះ។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់អតីតយុទ្ធជនទាំងអស់ ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងាររាយការណ៍ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាឲ្យភូមិ ឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
ដោយឡែក ក្រៅពីការប្រគល់ផ្ទះហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការតបណ្ដាញអគ្គិសនី នៅតាមផ្ទះនីមួយៗផងដែរ ហើយក្នុងនាមសម្តេចតេជោ ហ៊ុន សែន, អភិបាលខេត្ត និងប្រធានសមាគមអតីតយុទ្ធជនខេត្តទាំងបី បានចេញថ្លៃចំណាយតភ្លើង និងដាក់អំពូលចូលផ្ទះ បងប្អូនទាំង១១៤ខ្នង ជួយធ្វើបន្ទប់ទឹកជូនគ្រប់ខ្នងផ្ទះផងដែរ។
ក្នុងឱកាសនោះ អតីតយុទ្ធជនទាំង៤៧គ្រួសារ ក៏ទទួលបានអង្ករ៥០គីឡូក្រាម, គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា១០ម៉ឺនរៀល ព្រមទាំងសមាជិកអតីតយុទ្ធជន ដែលចូលរួមក្នុងពិធីនេះ១២៤នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងអភិបាលខេត្តកំពង់ចាម បានជួយជីកអណ្តូង២ ក្នុងនោះមួយជូន លោកតា សាន សៃ ពិការភ្នែកដើម្បីសម្រួលការរស់នៅ និងមួយទៀត សម្រាប់ប្រើរួមក្នុងភូមិ។ ដោយឡែក សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ក៏បានរៀបចំហូបបាយសាមគ្គីជូនផងដែរ។
ដោយមានការណែនាំពីទេសរដ្ឋមន្ដ្រី គន់ គីម អភិបាលស្រុកស្នួល សន្យានឹងជួយឈូសឆាយសម្រួលផ្លូវក្នុងភូមិជូន ហើយបានណែនាំឲ្យ សមាគមអតីតយុទ្ធជនខេត្តទាំងបី ត្រូវបន្តស្រាវជ្រាវរកអ្នកដែលលំបាកពិតប្រាកដដើម្បីគោរពស្នើសុំសម្តេច សាងសង់ផ្ទះជូន។
ជាមួយគ្នានេះ អតីតយុទ្ធជនដែលទទួលបានផ្ទះអំណោយសម្តេច បាននិយាយទាំងញញឹមញញែមថា ពួកគាត់មានក្តីរំភើបខ្លាំងណាស់ ក្នុងពេលដែលពួកគាត់ កំពុងលំបាកត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះជូន និងបានចាត់ទេសរដ្ឋមន្ដ្រី គន់ គីម មកប្រគល់ដោយផ្ទាល់ និងសូមជូនពរឲ្យសម្តេច ទាំងពីរ និងក្រុមគ្រួសារ មានសុខភាពល្អ សំណាងល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាបន្ដទៀត៕