(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងថា សាលារៀន គឺជាមូលដ្ឋានគ្រឹះជាថ្នាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់ក្រោមឡើងទៅ ដើម្បីធ្វើឲ្យជំនាន់ក្រោយ អាចបានក្លាយជាទំពាំងស្នងឬស្សី ចូលរួមជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ១ជាន់ប្រក់ក្បឿងមាន ៦បន្ទប់ទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារជាអំណោយរបស់សម្តេច ស ខេង នៅវិទ្យាល័យកន្ទឺ១ស្ថិតក្នុងភូមិថ្មីឃុំកន្ទឺ១ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមពីលោក ងួន រតន: អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប្រតិភូអមដំណើរ មន្រ្តីរាជការសាលាស្រុកបាណន់ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋបានចូលរួម ជាច្រើននាក់ផងដែរ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់ និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានសម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចចិត្តផ្តល់អគារសិក្សា១ខ្នងនេះជូនដល់ឃុំកន្ទឺ១បន្ថែមទៀត សម្រាប់ឲ្យសិស្សបានចូលរៀនកាន់ច្រើនឡើង។
លោក សុខ ផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស តាមរយ:ក្រសួងអប់រំ យុវជន និងកីឡា ដោយបានបើកទូលាយក្នុងការផ្តល់ អាហារូបករណ៍ដល់សិស្សនិស្សិត ឱ្យមានឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានា និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឲ្យសិស្សនិស្សិត យើងទាំងអស់ខិតខំរៀនទៅតាមកម្រិត និងលទ្ធភាពដែលអាចធ្វើបាន និងមានចំណេះដឹងសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅពេលអនាគត។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ នាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពដូចជាបទល្មើសផ្សេងៗ ករណីគ្រឿងញៀន និងពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានការកើនឡើងជាងការស្លាប់ដោយគ្រោះថ្នាក់ ដោយសាររឿងផ្សេងទៀត ដូចនេះដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកក៏បានបំពាក់មេដាយដល់ក្រុមប្រឹក្សាឃុំកន្ទឺ១ ដែលមានស្នាដៃល្អ និងចែកមួកសុវត្តិភាពដល់អ្នកចូលរួមទាំងអស់ម្នាក់១ផងដែរ។ លោក ងួន រតន: ក៏បានថ្លែងអំណរគុណ ដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង បានមកធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាលាជូនក្មួយៗ នៅពេលនេះ។
លោកបន្តថា នេះជាសមិទ្ធិផលថ្មី១ទៀត ដែលខេត្តបាត់ដំបងបានទទួលអំណោយរបស់សម្តេច ស ខេង សម្រាប់ទុកឲ្យក្មួយៗ បានចូលរៀនសូត្រតាមតម្រូវការ និងបានតម្លើងពីអនុវិទ្យាល័យទៅជាវិទ្យាល័យកន្ទឺ១ នៅពេលអនាគត់ក្នុងឃុំកន្ទឺ១នេះ៕