(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាដឹកនាំដោយ លោក ហ៊ុន ណេង បានជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅកាន់រដ្ឋសភា។
ក្នុងជំនួបនៅវិមានរដ្ឋសភា សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាពីគោលបំណងនៃកិច្ចព្រមព្រៀងនេះ មានដូចជាធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការហាមឃាត់អាវុធគីមី ដើម្បីសម្អាតកាកសំណង់សារជាតិអាវុធគីមី ដែលបានបន្សល់ទុកក្នុងប្រទេសកម្ពុជា នាសម័យសង្គ្រាមទសវត្សរ៍៦០ និងទសវត្សរ៍៧០។ ហាមឃាត់ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន នៃសារធាតុគីមី នៅលើទឹកដីប្រទេសកម្ពុជា។ ចូលរួមជាមួយសហគមន៍ក្នុងតំបន់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជា ជាតិក្នុងការធ្វើឱ្យពិភពលោកទាំងមូល មានសុវត្ថិភាព ពីការរីកសាយភាយនៃសាធាតុគីមី ស្របតាមមាត្រា ៥៤ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
សម្តេចពិជ័យសេនា បានបន្តថា កម្ពុជាបានទទួលសារៈប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ មានដូចជា ទទួលបានកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី និងទទួលបាន ជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព។
ក្រោយពីបានស្ដាប់ការបកស្រាយ និងពន្យល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ រួចមក លោកហ៊ុន ណេង ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ សម្តេចពិជ័យសេនា និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយ គណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។
លោកហ៊ុន ណេង បានបញ្ជាក់ថា បន្ទាប់ពីសម្តេចពិជ័យសេនា និងសហការី បានធ្វើការបកស្រាយទៅលើចំណុចនានា ដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមកហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សម្តែងនូវការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ហើយសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា។
សូមជម្រាបថា កម្ពុជាជាសមាជិកអង្កការហាមឃាត់អាវុធគីមី ដែលបានចុះហត្ថ លេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣ ដោយបានផ្ដល់សច្ចាប័ន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ និងបានចូលជាធរមាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥។ ចំេពោះកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី កម្ពុជាបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ ចំពោះនីតិវិធីបន្តគឺការផ្ដល់សច្ចាប័ន ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅពេលដែលកម្ពុជា បានតម្កល់ទុកលិខិតូបករណ៍ នៃការផ្ដល់សច្ចាប័នជាមួយអង្គការហាមឃាត់អាវុធគីមី។
អាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានធ្វើទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយ៉ាងរលូន និងមានប្រសិទ្ធភាពជាមួយអង្គការហាមឃាត់អាវុធគីមី ក្នុងការសិក្សាវិភាគនិង លើគោលបំណងនៃមាត្រានីមួយៗ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយមិនមានផលប៉ះពាល់ដល់ច្បាប់ គោលនយោបាយ និងសារៈប្រយោជន៍របស់ប្រទេសជាតិឡើយ។
កន្លងមកប្រទេសដែលជារដ្ឋភាគីជាមួយអង្គការហាមឃាត់អាវុធគីមីមានចំនួន១៩៣ ប្រទេស។ ប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៥៦ ក្នុងនោះប្រទេសចំនួន៥៥ បានចុះហត្ថលេខា ប៉ុន្តែបានផ្ដល់សច្ចាប័នមានចំនួន៤១ប្រទេស។ ដោយឡែកនៅក្នុងអាស៊ាន ប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន ៥ គឺ កម្ពុជា ឡាវ ហ្វីលីពីន ថៃ វៀតណាម។
សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែសីហាឆ្នាំ២០១៩ ហើយបញ្ជូនទៅសុំការអនុញ្ញាតពីស្ថាប័ននីតិប្ប ញ្ញត្តិដែលរួមមាន ៣ មាត្រា៕