(ត្បូងឃ្មុំ)៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ការបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី១ ដើម្បីជំរុញឲ្យចរន្តពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាន់តែមានសន្ទុះកើនឡើង ក៏ដូចជា សហការជាមួយបណ្តាខេត្តនានាទូទាំងប្រទេស ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្រោយសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងផងដែរ។
ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ វិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ប្រធានសភាពាណិជ្ជកម្ម ព្រមទាំងបេក្ខភាពឈរឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត មន្ត្រីសាលាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ជាម ច័ន្ទសោភ័ណ បានលើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាព ទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំ មានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ ៧ច្រក ដែលធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រស័យ ស្របទៅនឹងស្ថានភាពខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។
ក្នុងកិច្ចប្រជុំបានកំណត់ពេលវេលា ក្នុងការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី១ និងនីតិវិធីក្នុងការចុះឈ្មោះ បោះឆ្នោត និងឈរឈ្មោះបោះឆ្នោតលោក ម៉ៅ ថូរ៉ា សង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅបានរលូន។
លោក ម៉ៅ ថូរ៉ា រំពឹងថា ក្រោយសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់ តែមានសន្ទុះទ្វេរឡើង ដែលផ្តល់លក្ខណ:ងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀតផងដែរ៕