(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញចាកចេញពីកម្ពុជាហើយ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ។
តាមព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោក មហាធា មហាម៉ាត់ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចនៅទីនោះតបតាមការអញ្ជើញរបស់ប្រធានាធិបតី ពូទីន។ ភរិយារបស់លោក មហាធា មិនបានអមដំណើរទៅកាន់រុស្ស៉ីជាមួយស្វាមីនោះទេ គឺលោកស្រីអញ្ជើញត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរមួយទៀត។
លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕