Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែកញ្ញា ខេត្តនៅតំបន់ឆ្នេរនឹងបន្តមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន, សូមប្រជានេសាទប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ (Video inside)

04-09-2019 06:59

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ ក្នុងបរិមាណពីបង្គួរទៅច្រើន។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ តាមដាន និងជាប្រចាំលើស្ថានភាពអាកាសធាតុ ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពល ពីបាតុភូតធម្មជាតិចំនួន៣ ព្រមៗគ្នា ក្នុងនោះមាន៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ដែលបាននិងកំពុងលាតសន្ធឹង អូសកាត់លើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម, ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។

យោងតាមការព្យាករ ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង៣ខាងលើ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម៖

* បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តំបន់ខ្ពង់រាបភាគឦសាន (ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម) និងតំបន់ជួរភ្នំដងរែក នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះ អាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង
* បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពីបង្គួរ ទៅច្រើន។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អូមានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ
* រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុង បន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក៖