(ភ្នំពេញ)៖ មកដល់ឆ្នាំ២០១៩នេះ កម្ពុជាបានទទួលប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានពីចិនប្រមាណ ២,៨៦៥លានដុល្លារអាមេរិក។ ទឹកប្រាក់នេះបានចំណាយលើការសាងសង់ផ្លូវរួចរាល់ចំនួន ២៩ខ្សែស្មើនឹង ២,៨៨៨គីឡូម៉ែត្រ និងបានសាងសង់ស្ពាន ៨ខ្សែ មានប្រវែង ៨គីឡូម៉ែត្រ។

កម្ចីសម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជាមិនមែនមានតែចិននោះទេ គឺជប៉ុន កូរ៉េខាងត្បូង អង្គការដៃគូអភិវឌ្ឍន៍ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសមួយចំនួន។ ប៉ុន្តែប្រទេសចិន ជាប្រទេសផ្តល់កម្ចីច្រើនជាងគេសម្រាប់ការសាងសង់ផ្លូវ និងស្ពាននេះ។

ព្រោះតែចិនជាប្រទេសផ្តល់កម្ចីសម្រាប់សង់ផ្លូវ និងស្ពានច្រើនគេនេះហើយ នាំឱ្យមានសំណួរសួរថា តើមានមូលហេតុទើបកម្ពុជាខ្ចីលុយពីចិនច្រើនសម្រាប់សង់ផ្លូវ និងស្ពានជាងបណ្តាប្រទេសដទៃ?

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា កម្ពុជាមិនរើសអើងសម្រាប់កម្ចីក្នុងការយកមកសាងសង់ផ្លូវ និងស្ពានឡើយ តែមូលហេតុនាំឱ្យកម្ពុជាខ្ចីពីចិនច្រើននោះ ដោយសារតែកម្ពុជាមានទំនាក់ទំនងល្អជាមួយចិន និងមួយវិញទៀតដោយសារនីតិវិធីផ្តល់កម្ចីមានភាពឆាប់រហ័ស និងមិនស្មុគស្មាញច្រើន។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «នីតិវិធីមិត្តចិនលឿនណាស់ ដោយសារគាត់មើលឃើញថា នេះជាការងារតម្រូវឱ្យយើងធ្វើផ្លូវ ធ្វើកំពង់ផែឱ្យបានលឿន»។

លោក ស៊ុន ចាន់ថុល ក៏បានបង្ហើបឱ្យដឹងផងដែរថា មានប្រទេសមួយចំនួននីតិវិធីខ្ចីថវិកាមកសាងសង់ផ្លូវមានភាពយឺតយ៉ាវ ដែលពេលខ្លះចំណាយពេលរហូតដល់ទៅ៥ឆ្នាំ។ នីតិវិធីយឺតក្នុងការផ្តល់កម្ចីនេះ គឺនាំឱ្យកម្ពុជាយឺតយ៉ាវក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ។

បើតាមលោក ស៊ុន ចាន់ថុល ព្រោះតែនីតិវិធីក្នុងការផ្តល់ប្រាក់កម្ចីរបស់ចិនមានភាពឆាប់រហ័សឆ្លើយតបតម្រូវការអភិវឌ្ឍផ្លូវ និងស្ពាននៅកម្ពុជានេះហើយ ទើបចិនក្លាយជាប្រទេសផ្តល់កម្ចីច្រើនជាងគេសម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា៕