(ភ្នំពេញ)៖ សិស្សកម្ពុជា៦រូប មកពីសាលាអារីហ្សូន និងសាលាអន្ដរជាតិ ហ្គ្រេនម៉ោន បានទទួលមេដាយមាស និងមេដាយប្រាក់ ពីកម្មវិធីប្រកួតប្រជែងណ្ដើមពានរង្វាន់ បេក្ខជនពិភពលោក «The World Scholar’s Cup» នៅប្រទេសអូស្រ្តាលី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្នុងនោះ មានបេក្ខជន៣រូប បានជាប់នឹងត្រូវទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសហរដ្ឋអាមេរិក។
កម្មវិធី «The World Scholar’s Cup» ជាកម្មវិធីដែលមានការប្រកួតប្រជែងពី បេក្ខជន-បេក្ខនារីមកពីបណ្ដាប្រទេសប្រមាណ៤០។ សម្រាប់ប្រទេសកម្ពុជា ជាលើកទី២ហើយ ដែលសិស្សានុសិស្ស មានសមត្ថភាពឈានទៅចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងបេក្ខជនពិភពលោក «The World Scholar’s Cup» នៅប្រទេសអូស្រ្តាលីនេះ។
ជាក់ស្ដែងសម្រាប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ សិស្សដែលបានទៅចូលរួមប្រឡងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងប្រទេសអូស្រ្ដាលី បានត្រឡប់មកវិញ ដោយពាំនាំនូវមេដាយមាស និងមេដាយប្រាក់មកជូនប្រទេសកម្ពុជា និងជូនសាលាផងដែរ។
លោកឧកញ៉ា ជា សុខឃាង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អារីហ្សូន ឲ្យដឹងថា ការប្រកួតដណ្ដើមពានរង្វាន់បេក្ខជនពិភពលោក «The World Scholar’s Cup» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ដោយក្នុងចំណោមសិស្ស ដែលបានចូលរួមប្រកួតប្រជែង បានទទួលបានមេដាយមាស៣ និងមេដាយប្រាក់ចំនួន២។
លោកឧកញ៉ាបន្ដថា «យើងខ្ញុំមានជំនឿចិត្តយ៉ាងជឿជាក់ថា យុវសិស្សរបស់យើងទាំង៣រូប ដែលនឹងទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័តនៅសហរដ្ឋអាមេរិក និងទទួលបានជ័យលាភីពានរង្វាន់ធំៗ មកជូនក្រុមគ្រួសារ, សាលារៀន និងប្រទេសជាតិកម្ពុជាទាំងមូលផងដែរ»។
យុវសិស្ស ឃាង ខេវិន ជាសិស្សមកពីសាលាអន្តរជាតិហ្រ្គេនម៉ោនឲ្យដឹងថា «ក្នុងឆ្នាំនេះខ្ញុំបានទទួលជ័យលាភី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានឈានជើងបន្ដទៅកាន់ វគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី The World Scholar’s Cup នៅសហរដ្ឋអាមេរិក»។
យុវសិស្សនោះបន្ដថា «សម្រាប់ការប្រកួតកម្មវិធី The World Scholar’s Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តពេលនេះ ខ្ញុំទទួលបានជ័យលាភីមេដាយប្រាក់២ និងមេដាយមាស៣។ សម្រាប់លទ្ធផលថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះ ខ្ញុំបានជាប់នឹងបន្ដទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ខណៈឆ្នាំមុនខ្ញុំមិនបានឈានទៅកាន់វគ្គផ្ដាច់ព្រ័តឡើយ»។
យុវសិស្ស សំ សុទ្ធីរតន: មកពីសាលារៀនអារីហ្សូនសាខាទួលគោកថ្លែងថា «សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធី The World Scholar’s Cup ខ្ញុំទទួលបានមេដាយមាស៣ និងមេដាយប្រាក់២ និងបានជាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសសហរដ្ឋអាមេរិក»។
យុវសិស្សដដែលនោះបន្ដថា «ខ្ញុំពិតជាពេញចិត្តខ្លាំងនូវការប្រឡង The World Scholar’s Cup នេះណាស់ព្រោះ ធ្វើឲ្យយើងមានអារម្មណ៍ថា ស្វាហាប់ និងក្លាហានក្នុងការសន្ទនា ជាមួយបរទេស។ ខ្ញុំក៏ចង់ចែរំលែកដល់សិស្សានុសិស្សក្រោយៗ ដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធី The World Scholar’s Cup គឺត្រូវអានឲ្យបានច្រើនព្រោះ ការអានជារឿងសំខាន់បំផុតក្នុងការប្រឡងThe World Scholar’s Cup»។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សិស្សកម្ពុជា៤រូបមកពីសាលា អារីហ្សូន និងសាលាអន្ដរជាតិ ហ្គ្រេនម៉ោន ចូលរួមប្រកួតប្រជែងបេក្ខជនពិភពលោក នៅអូស្រ្តាលី ហើយនេះជាលើកទី២ហើយ ដែលសិស្សានុសិស្សមកពី សាលាក្នុងប្រទេសកម្ពុជា មានសមត្ថភាពឈានទៅចូលរួមប្រឡង ក្នុងកម្មវិធីប្រកួតប្រជែងបេក្ខជនពិភពលោក «The World Scholar’s Cup» និងបានពាំនាំមេដាយមាស និងមេដាយប្រាក់មកជូនកម្ពុជា និងត្រៀមខ្លួនទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសសហរដ្ឋអាមេរិក ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
កម្មវិធីប្រកួតប្រជែងបេក្ខជនពិភពលោក «The World Scholar’s Cup» នៅប្រទេសអូស្រ្តាលី ប្រព្រឹត្តឡើងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយមានសិស្សចូលរួមប្រមាណ២ពាន់នាក់៕