(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការស្រាវជ្រាវរួមគ្នា ជាលក្ខណៈវិទ្យាសាស្ត្រអស់រយៈពេល៤ឆ្នាំកន្លងមក លើប្រធានបទស្តីពី «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្ត្រពិភពលោក» ដើម្បីជាចំណេះដឹងបន្ថែមទៀតដល់អ្នកអាន អ្នកស្រាវជ្រាវ គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ ទាក់ទងនឹងប្រវត្តិសាស្ត្រជាតិ ប្រវត្តិសាស្ត្រតំបន់ និងប្រវត្តិសាស្ត្រពិភពលោក។

ប្រវត្តិសាស្ត្រនៃការសម្លាប់រង្គាល គឺមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍប្រទេសជាតិ។ កិច្ចការស្រាវជ្រាវនេះ ក៏ជាកាតព្វកិច្ចស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំគម្រោងសំណង សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ ដោយសារអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងសំណុំរឿង០០២ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬដែលយើងហៅថា តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឲ្យមានការចងក្រងឯកសារប្រវត្តិសាស្ត្រខ្មែរក្រហម និងដាក់បញ្ចូលសៀវភៅនេះ ជាផ្នែកមួយនៃកម្មវិធីសិក្សា ចាប់ពីថ្នាក់ចំណេះដឹងទូទៅពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និងនៅថ្នាក់មូលដ្ឋាននៃកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា។ សេចក្តីសម្រេច ស.ជ.ណ. លេខ ១១៣៤ របស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣។

 

ដំណើរការតែងនិពន្ធ ពិនិត្យផ្ទៀងផ្ទាត់ បោះពុម្ព និងចែកផ្សាយសៀវភៅ

ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រយ៉ាងពេញទំហឹង ដល់កិច្ចការស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា តាំងពីជំហានដំបូងរហូតដល់ការបោះពុម្ពស្នាដៃស្រាវជ្រាវនេះ នៅក្នុងឆ្នាំ២០១៩។ ស្នាដៃនេះ ដែលជាសំណេរស្រាវជ្រាវលើកដំបូង ស្តីពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅលើពិភពលោក គឺជាការតាក់តែងនិពន្ធឡើង ដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន៤រូប គឺ ៖ បណ្ឌិត លី សុខឃាង, បេក្ខបណ្ឌិត សូ ហ្វារីណា, បណ្ឌិត ជា ផល្លា និងមេធាវី គ្រីស្តូហ្វ័រ ឌៀរីង និងក្រោមការពិនិត្យផ្ទៀងផ្ទាត់ពីប្រវត្តិវិទូ និងអ្នកជំនាញប្រវត្តិសាស្ត្រល្បីៗជាច្រើនរូប រួមមាន៖ បណ្ឌិតសាស្ត្រាចារ្យ អាឡិចសាន់ឌើ ហ៊ីនតុន, ប្រវត្តិវិទូនិងសាស្រ្តាចារ្យ ដេវីដ ឆេនដល័រ, បណ្ឌិតសាស្ត្រាចារ្យ ម៉ាគើស ហ្សីមម័រ, បណ្ឌិតសាស្ត្រាចារ្យ មីលតុន អស្បូន, មេធាវី នីកូឡាស គាំចាន់, អ្នកស្រាវជ្រាវ នីស្សា ផេថេល និងអ្នកគ្រូ ខែលលី វ៉ាត់សុន។

សៀវភៅនេះ ត្រូវបានឆ្លងកាត់ការពិភាក្សាជាមួយសាស្ត្រាចារ្យឧត្តមសិក្សាកម្ពុជា ចំនួន៥០រូប ដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលា ស្តីអំពីការបង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ រយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០១៩ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

មជ្ឈមណ្ឌលឯកសារកម្ពុជា បោះពុម្ពសៀវភៅនេះជាពីរភាសា គឺភាសាអង់គ្លេស និងភាសាខ្មែរ ហើយគ្រោងធ្វើការចែកចាយដល់គ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមវិទ្យាល័យមួយចំនួន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ សម្រាប់ប្រើប្រាស់ជាឯកសារយោងដ៏មានសារសំខាន់ក្នុងការរៀន និងបង្រៀនពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងប្រវត្តិសាស្ត្រពិភពលោក។ សៀវភៅជាភាសាខ្មែរ គឺត្រូវបានត្រួតពិនិត្យ សម្រួលឃ្លោងឃ្លាដោយ ផេង ពង្សរ៉ាស៊ី និង សុភ័ក្រ ភាណា។

សូមបញ្ជាក់ថា អត្ថបទប្រទេសអាមេនី សរសេរដោយបណ្ឌិត ជា ផល្លា, ប្រទេសអាល្លឺម៉ង សរសេរដោយបណ្ឌិត សូ ហ្វារីណា, ប្រទេសកម្ពុជា សរសេរដោយបេក្ខបណ្ឌិត សូ ហ្វារីណា និងមេធាវី គ្រីស្តូហ្វ័រ ឌៀរីង, ប្រទេសបូស្នី-ហឺហ្សឺហ្គោវីន និងប្រទេសរវ៉ាន់ដា សរសេរដោយបណ្ឌិត លី សុខឃាង។ ឧត្ថម្ភថវិកាក្នុង ការសិក្សាស្រាវជ្រាវ និងបោះពុម្ពសៀវភៅនេះ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

(ស្តូបរំឭកវិញ្ញាណក្ខន្ធពីអំពើប្រល័យពូជសាសន៍ទៅលើជនជាតិអាមេនី ស៊ីតសឺណាកាបើដ នៅក្រុងយេរេវ៉ាន ប្រទេសអាមេនី។ រៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែមេសា ប្រជាជនអាមេនី រាប់ពាន់នាក់បានមកជួបជុំគ្នានៅស្តូបរំឭកវិញ្ញាណក្ខន្ធដើម្បីប្រារព្ធ «ថ្ងៃចងចាំនៃអំពើប្រល័យពូជសាសន៍ទៅលើជនជាតិអាមេនី»។ រូបថត ៖ ដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ខែមេសា ឆ្នាំ២០១៦)

 

អំពីសៀវភៅ និងទស្សនវិជ្ជាក្នុងការបង្កើតសៀវភៅ

ក្របមុខនៃសៀវភៅ ត្រូវបានរចនាឡើងជាផ្ទៃក្រហមព្រឿងៗ និងមានចំណងជើងធំៗពណ៌ស ដែលអាចមើលឃើញយ៉ាងច្បាស់ថា «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅលើពិភពលោក (ប្រទេសអាមេនី, អាល្លឺម៉ង់, កម្ពុជា, បូស្នី-ហឺហ្សឺហ្គោវីន និងរវ៉ាន់ដា) ៖ ទិដ្ឋភាពទូទៅសម្រាប់ការបង្រៀនក្នុងថ្នាក់រៀនកម្ពុជា»។
ចំផ្ទៃកណ្តាលនៃក្របមុខ មានរូបសំណាកអ្នកតាមួយអង្គដែលមើលមួយភ្លែត យើងអាចសន្និដ្ឋានបានថា ជារូបតំណាងឲ្យភាពគ្មានលាក់លៀមបាននៃរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងពិភពលោក តាមរយៈព្រះភក្រ្តទាំងប្រាំបី ដែលបែរមុខទៅគ្រប់ទិសទាំងអស់។ រូបសំណាកអ្នកតា ដែលមានព្រះភក្រ្តប្រាំបី និងមានពណ៌ខុសៗគ្នានេះ គឺសំដៅទៅលើភាពខុសគ្នានៃចរិត ឫកពារ និងការប្រព្រឹត្តរបស់មនុស្សជាតិ ដែលត្រូវប្រឈមនឹងភាពស្មុគស្មាញ នៃស្ថានភាពរបស់ខ្លួន។

រូបសំណាកនេះ ក៏តំណាងឲ្យភាពអប់រំអំពី វប្បធម៌ សាសនា វិទ្យាសាស្ត្រ សិល្បៈ និងទស្សនវិជ្ជា ដែលមនុស្សត្រូវតែគិតគូរ និងយកចិត្តទុកដាក់ ដើម្បីបញ្ជៀសនូវរាល់អំពើមិនល្អកើតមាននៅក្នុងសង្គម។ រូបសំណាកនេះ ស្ថិតនៅលើពើយ តាម៉ុក លើខ្នងភ្នំដងរែក ដែលជាទីតាំងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្របក្រោយនៃសៀវភៅ មានពណ៌ខ្មៅដិត គ្របដណ្តប់ពាសពេញលើអក្សរតូចៗពណ៌ក្រហមជាច្រើនតួ និងរូបទង់ជាតិខុសៗគ្នានៃប្រទេសទាំង៥ដែលជាប្រធានបទនៃការសិក្សា ហើយដែលអាចឲ្យយើងដឹងបានពីភាពឃោរឃៅ អមនុស្សធម៌ និងការសម្លាប់រង្គាលទៅលើប្រជាជន នៃប្រទេសទាំង៥នៅលើពិភពលោក។

នៅទំព័រខាងក្នុងនៃសៀវភៅនេះ មុននឹងចូលដល់ការអធិប្បាយពីបរិបទប្រវត្តិសាស្ត្រ របស់ប្រទេសនីមួយៗ មានអារម្ភកថាមួយទំព័រ របស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា រៀបរាប់ពីតួនាទី និងភារកិច្ចដ៏ចម្បងនិងមានប្រសិទ្ធភាពក្នុងវិស័យ អប់រំ ក្នុងការចូលរួមចំណែកទប់ស្កាត់ នូវរាល់ធាតុផ្សំទាំងឡាយ ដែលនាំដល់ការកកើតអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងសង្គម។

សាររបស់បណ្ឌិតរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយផ្តោតយ៉ាងសំខាន់ ទៅលើការបង្កើនភាពយល់ដឹងជាសកល អំពីបរិបទប្រវត្តិសាស្ត្ររបស់ប្រទេសទាំង៥ ដែលបានលើកយកមកធ្វើជាករណីសិក្សា នៅក្នុងសៀវភៅនេះ តាមរយៈការបំផុសគំនិត ឆន្ទៈ មនសិការ និងការវិភាគយ៉ាងស៊ីជម្រៅទៅលើស្ថានភាពរបស់មនុស្ស និងសង្គមនាពេលអតីតកាល ដោយធ្វើការសិក្សាប្រៀបធៀបពីកាលៈទេសៈ នៃព្រឹត្តិការណ៍នៅក្នុងប្រទេសមួយ ទៅនឹងប្រទេសមួយទៀត ដើម្បីរារាំងបាននូវការបំផ្លិចបំផ្លាញ ការបំពារបំពានហួសនិស្ស័យ ដែលបានញាំញីដល់សេចក្តីសុខ របស់ប្រជាជាតិទាំងមូល។

ស្រដៀងគ្នានេះដែរ នៅក្នុងបុព្វកថារបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងស្ថាបនិកវិទ្យាស្ថានស្លឹករឹត ដែលសរសេរនៅក្នុងទំព័របន្ទាប់ ក៏បានគូសបញ្ជាក់អំពីភាពខ្លាំងនៃការអប់រំថា ជាថាមពលដ៏មហិមាក្នុងការកែប្រែសង្គមនា ពេលអនាគត និងជាអំណាចដ៏អស្ចារ្យរបស់មនុស្សជាតិ ក្នុងការសម្រេចបាននូវសន្តិភាព សេរីភាព និង យុត្តិធម៌។

លើសពីនេះទៀត បុព្វកថារបស់លោកនាយក ក៏បានបង្ហាញពីគន្លឹះ និងដំណោះស្រាយជាច្រើនក្នុងការរារាំងអំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល និងអំពើហិង្សាធ្ងន់ធ្ងរនានា។ ក្នុងនោះ ការចូលរួមពីថ្នាក់មូលដ្ឋាន នៅក្នុងយុទ្ធសាស្ត្រជាសកលក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនោះ គឺជាភារកិច្ចដែលមិនអាចខ្វះបានទាល់តែសោះ។

បន្ថែមពីនេះទៀត នៅក្នុងទំព័រនៃសេចក្តីផ្តើមនៃសៀវភៅ អ្នកត្រួតពិនិត្យអត្ថបទនិពន្ធភាសាអង់គ្លេស មេធាវី គ្រីស្តូហ្វ័រ ឌៀរីង បានអះអាងបន្ថែមថា «ខណៈដែលយុទ្ធសាស្ត្រក្នុងការធ្វើអន្តរាគមន៍ ការឆ្លើយតប និងការទប់ស្កាត់ ត្រូវពឹងផ្អែកលើស្ថាប័នជាតិ និងអន្តរជាតិ បុគ្គល និងសហគមន៍ ក៏ត្រូវតែចូលរួមចំណែក នៅក្នុងយុទ្ធនាការជាសកលនេះដែរ» និងបានបញ្ជាក់បន្ថែមថា បុគ្គលនិងសហគមន៍ ត្រូវតែសិក្សាឲ្យបានស៊ីជម្រៅទៅលើ ឫសគល់នៃអំពើអមនុស្សធម៌នានា ដែលអំពើទាំងនោះ កើតចេញពីការលម្អៀង អាត្មានិយម និងភាពអវិជ្ជារបស់មនុស្ស។

(លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រួមជាមួយតារាភាពយន្តហូលីវូដ ចច ក្លូនី ចូលរួមពិធីរំឭកខួប១០០ឆ្នាំ នៃអំពើប្រល័យពូជសាសន៍លើជនជាតិអាមេនី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។ លោក ចច ក្លូនី បានរៀបការជាមួយ អាម៉ាល់ ក្លូនី ដែលតំណាងឲ្យប្រទេសកម្ពុជាក្នុងការទាមទារទឹកដីប្រាសាទព្រះវិហារ។ អាម៉ាល់ ក្លូនី បានតស៊ូមតិក្នុងនាមប្រទេសកម្ពុជាដើម្បីទាមទារប្រាសាទព្រះវិហារ នៅមុនការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។ រូបថតនេះ ត្រូវបានថតដោយ អាណា គឺជាបុគ្គលិក នៃមូលនិធិនៃវិទ្យាស្ថានសារមន្ទីរប្រល័យពូជសាសន៍អាមេនីដែលបានផ្តល់ជូន លោក ឆាំង យុ)

បណ្ឌិត ជា ផល្លា ដែលជាអ្នកនិពន្ធមួយរូប បានសរសេរថា ថ្វីត្បិតតែការអប់រំ គឺជាមធ្យោបាយដ៏មានសារសំខាន់បំផុតមួយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើម និងការមិនអត់ឱនគ្នាក៏ដោយ ក៏ការទទួលបានព័ត៌មាន ការយល់ពីច្បាប់ និងការយល់ដឹងពីដំណោះស្រាយជាមូលដ្ឋាន គឺជាកត្តារួមចំណែកដែលមិនអាចខ្វះបានដែរ។ អ្នកនិពន្ធទាំង២ខាងលើ បានធ្វើសេចក្តីសន្និដ្ឋានថា មានតែការអប់រំ ការទទួលបានព័ត៌មាន ការកែទម្រង់ និងការឆ្លុះបញ្ចាំងខ្លួនឯងទេ ដែលអាចកាត់បន្ថយឥទ្ធិពល នៃការកកើតធាតុផ្សំនានា ដែលនាំដល់ការកកើតអំពើអនុស្សធម៌បាន។

ក្នុងទំព័របន្តបន្ទាប់ទៀត គឺជាការរៀបរាប់ពីបរិបទប្រវត្តិសាស្ត្រនៃករណីសិក្សាទាំង៥ រួមមាន៖ ប្រទេស អាមេនី, អាល្លឺម៉ង់, កម្ពុជា, បូស្នី-ហឺហ្សឺហ្គោវីន និងរវ៉ាន់ដា។
បរិបទប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ ត្រូវបាននិពន្ធ និងអធិប្បាយឡើងជាពីរផ្នែកគឺ ផ្នែកទី១) គឺជាផ្នែកមេរៀនសង្ខេប និងផ្នែកទី២) គឺជាផ្នែកមេរៀនលម្អិត។ ផ្នែកនីមួយៗ មានរួមបញ្ចូលទាំង ៖ ១) សកម្មភាពប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងមូលហេតុនៃការសម្លាប់រង្គាល។ ២) ដំណើរការស្វែងរកយុត្តិធម៌បន្ទាប់ពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលបានបញ្ចប់ និង៣) ដំណើរការផ្សះជាតិ និងការទប់ស្កាត់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា។

ផ្នែកទី១ «មេរៀនសង្ខេប» គឺជាផ្នែកសិក្សារបស់សិស្ស ខណៈដែលផ្នែកទី២ «មេរៀនលម្អិត» គឺជាផ្នែកដែលគ្រូបង្រៀនប្រើប្រាស់សម្រាប់ការបង្រៀននៅក្នុងថ្នាក់ ដើម្បីបំពេញបង្គ្រប់ទៅលើផ្នែក មេរៀនសង្ខេប ដើម្បីបង្កើនការយល់ដឹងរបស់សិស្សឲ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះដែរ គ្រូបង្រៀនដែលបង្រៀនមុខវិជ្ជាផ្សេង ពីមុខវិជ្ជាប្រវត្តិវិទ្យា ក៏អាចប្រើប្រាស់ផ្នែកទី១ នៃករណីសិក្សានីមួយៗ សម្រាប់ការបញ្ជៀបប្រវត្តិសាស្ត្រ នៅក្នុងម៉ោងបង្រៀនរបស់ខ្លួនបានដែរ។ ទាំងផ្នែកទី១ និងទី២ គឺមានកម្រងសំណួរមួយចំនួន ដែលក្តោបអត្ថន័យមេរៀនទាំងមូល។

នៅចុងបញ្ចប់នៃសៀវភៅនេះ កម្រងសំណួរទាំងអស់ដែលមាននៅ តាមបណ្តាប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ ត្រូវបានរៀបរៀង និងផ្តល់ចម្លើយយ៉ាងក្បោះក្បាយ នៅក្នុងផ្នែកចុងក្រោយ គឺផ្នែកទី៣ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស និងគ្រូបង្រៀន ក្នុងការសង្កេត និងផ្ទៀងផ្ទាត់ចំពោះការបង្រៀន និងការសិក្សារបស់ខ្លួន។ ជាពិសេសទៅទៀត ផ្នែកនេះអាចជួយដោះស្រាយ នូវរាល់ចម្ងល់ផ្សេងៗដែលកើតមានជាយូរមកហើយ របស់អ្នកអានទូទៅ។ ម៉្យាងវិញទៀត តាមរយៈការអានសំណួរ និងចម្លើយក្នុងផ្នែកទី៣នេះ អ្នកអានក៏អាចត្រឡប់ទៅអានផ្នែកទី១ និងផ្នែកទី២បាន ក្នុងករណីដែលខ្លួនចង់ដឹងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ទៅលើករណីសិក្សានៃប្រទេសនីមួយៗ។

ជាមួយគ្នានេះដែរ អ្នកអាន អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ អាចស្វែងយល់កាន់តែច្បាស់ថែមទៀត តាមរយៈការចូលទៅមើលបញ្ជីឯកសារយោងជាច្រើន ដែលមានរាយឈ្មោះអ្នកនិពន្ធ ចំណងជើង កន្លែងបោះពុម្ព និងឆ្នាំបោះពុម្ព យ៉ាងជាក់លាក់នៅក្នុងផ្នែក «បញ្ជីឯកសារពិគ្រោះ» នៃសៀវភៅ ដើម្បីជាជំនួយដល់ការស្រាវជ្រាវ និងអានឯកសារយោងទាំងនេះជាលម្អិត។ បញ្ជីនេះត្រូវបានរៀបរៀងតាមលំដាប់ នៃប្រទេសនីមួយៗដាច់ដោយឡែកពីគ្នា ដែលអាចផ្តល់ភាពងាយស្រួល និងច្បាស់លាស់សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម។

(អដ្ឋិធាតុជនរងគ្រោះពីរបបខ្មែរក្រហមនៅអតីតមន្ទីរសន្តិសុខក្រាំងតាចាន់ ខេត្តតាកែវ)

(សាស្រ្តាចារ្យប្រវត្តិសាស្រ្ត គង់ គានីន នៅក្នុងសិក្ខាសាលាស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងវគ្គបណ្តុះបណ្តាលគ្រូប្រវត្តិសាស្រ្ត ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួង អប់រំ យុវជន និង កីឡា)

 

ទស្សនវិជ្ជានៃការបង្កើតសៀវភៅ

ការលើកយកប្រទេសទាំង៥ មកធ្វើជាករណីសិក្សា គឺពុំមានចេតនាតំណាងឲ្យ ឬសង្ខេបអំពីព្រឹត្តិការណ៍ទាំងអស់ នៃអំពើអមនុស្សធម៌ ដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក ទាំងស្រុងនោះទេ ហើយក៏មិនត្រូវបានចាត់ទុកថា ជាករណីសិក្សាដ៏សំខាន់បំផុត ស្តីពីការស្អប់ខ្ពើម និងការមិនអត់ឱនគ្នា សម្រាប់ថ្នាក់រៀននៅក្នុងប្រទេសកម្ពុជាដែរ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ជម្លោះ និងអំពើអមនុស្សធម៌ក្នុងករណីសិក្សាដែលបានលើកយកមកសិក្សានេះ ត្រូវបានវិភាគ វែកញែក និងចំណាត់ថ្នាក់ ដែលរាប់ចាប់តាំងពីចិត្តវិទ្យារហូតដល់រចនាសម្ព័ន្ធដឹកនាំជាក់លាក់។

អ្នកនិពន្ធទាំង៤រូបនៅក្នុងសៀវភៅនេះ មានចេតនាបង្ហាញពីកាប្រព្រឹត្តទៅរបស់ពិភពលោក សម្រាប់អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលថា បានប្រព្រឹត្តទៅដែលមានលក្ខណៈស្រដៀងគ្នា ដូចគ្នា និងខុសគ្នា អាស្រ័យលើបរិបទប្រវត្តិសាស្ត្រ ស្ថានភាពនយោបាយ វប្បធម៌ សាសនា ជាតិពន្ធុ ជាតិសាសន៍ និងអត្តសញ្ញាណនៃមនុស្សដែលរស់នៅក្នុងបរិស្ថានខុសៗគ្នា។

បណ្ឌិត ជា ផល្លា និងមេធាវី គ្រីស្តូហ្វ័រ ឌៀរីង បានសរសេរដូច្នេះថា «តាមរយៈគោលគំនិតរួម ករណីផ្សេងៗនៃការសម្លាប់រង្គាល កើតឡើងដោយសារតែកត្តាជាតិពន្ធុ និងពូជសាសន៍ ខណៈដែលអំពើឧក្រិដ្ឋកម្មដទៃទៀត អាចត្រូវបានចាត់ទុកថាមានលក្ខណៈនយោបាយ។ ក្រៅពីធ្វើការកំណត់គោលដៅលើក្រុមសាសនា និងជាតិពន្ធុណាមួយដែលមិនប្រតិបត្តិតាម ឬមិនសមស្របជាមួយនឹងចក្ខុវិស័យជ្រុលនិយមនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្លួន ចំណុចដែលខុសប្លែកពីករណីសិក្សាដែលបានលើកឡើងនៅក្នុងសៀវភៅនេះ គឺខ្មែរក្រហមកំណត់ក្រុមគោលដៅដោយផ្អែកលើភាពអត្តសញ្ញាណនិងរបៀបវារៈនយោបាយ»។

 

ការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្ងើចសរសើរចំពោះស្នាដៃនេះ និងបានផ្តល់ការឯកភាពចំពោះបេសកកម្មអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងពីប្រវត្តិសាស្ត្រឲ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការត្រិះរិះពិចារណា និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសិក្សាយ៉ាងស៊ីជម្រៅ អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកើតមានឡើងនៅលើពិភពលោក។

បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នកចូលចិត្ត និងស្រាវជ្រាវប្រវត្តិសាស្ត្រ ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងសូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសមួយចំនួន ដែលមានការសម្លាប់រង្គាលក្នុងប្រវត្តិសាស្ត្រពិភពលោក ដូចជា ប្រទេសអាមេនី ប្រទេសអាល្លឺម៉ង់ ប្រទេសបូស្ន៊ី-ហឺហ្សឺហ្គោវីន និងប្រទេសរវ៉ាន់ដា ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែច្បាស់ និងទូលំទូលាយថែមទៀត។ មានតែឆន្ទៈ មនសិការ ចំណេះដឹង និងការយល់ដឹងស៊ីជម្រៅអំពីស្ថានភាពមនុស្សជាតិរបស់យើងទេ ទើបយើងអាចរារាំងបាននូវការបំផ្លិចបំផ្លាញ ការបំពារបំពានហួសនិស្ស័យ ដែលញាំញីដល់សេចក្តីសុខរបស់ប្រជាជាតិយើង»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ប្រជាជនកម្ពុជាចំនួន៧០ ភាគរយដែលកំពុងរស់នៅសព្វថ្ងៃ មិនធ្លាប់ឆ្លងកាត់អំពើប្រល័យពូជសាសន៍ទេ។ ដូច្នេះការសិក្សាអំពីអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក នឹងជួយដល់អ្នកទាំងនោះឲ្យយល់អំពីប្រវត្តិសាស្ត្រ និងធ្វើជាមូលដ្ឋានសម្រាប់ការសន្ទនាអន្តរជំនាន់»។

លោកបានមានប្រសាសន៍បន្តថា «សង្គ្រាមលោកលើកទី១ និងទី២ និងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់ថ្នាក់ទី៩ នាពេលបច្ចុប្បន្ន» ហើយថា «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការសម្លាប់រង្គាល ត្រូវបានបង្រៀននៅថ្នាក់ទី១២»។

លោកបាននិយាយទៀតថា «មានឯកសារបន្ថែមទៀត ដែលក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ ដោយធ្វើការសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រួមមាន៖ ឯកសារស្តីពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអាមេនី, ជនជាតិជ្វីហ្វនៅអាល្លឺម៉ង់, ជនជាតិឃឺដនៅអ៊ីរ៉ាក់, ជនជាតិម៉ូស្លីមនៅបូស្នី និងជនជាតិទុតស៊ីនៅរវ៉ាន់ដា ព្រមទាំងអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាដែរ»។

(ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសម្ពោធវិចិត្រសាលសិល្បៈសហសម័យវិទ្យាស្ថានស្លឹករឹត នៃវិទ្យាស្ថានជាតិអប់រំ)

 

ជារួមសៀវភៅសិក្សាថ្មីនេះដែលមានការគាំទ្រ និងទទួលស្គាល់ជាផ្លូវការពីក្រសួង អប់រំ យុវជន និងកីឡា មិនត្រឹមតែជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការបង្កើនចំណេះដឹងសង្គមនិងការចងចាំជារួមពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយជាក់លាក់មួយ ក្នុងការព្យាបាលរបួសផ្លូវចិត្តជនរងគ្រោះកម្ពុជា ប្រមាណ៥លាននាក់ ដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម និងចូលរួមចំណែកផ្សះផ្សាសង្គមកម្ពុជាទាំងមូល ព្រមទាំងជាមាគ៌ាដ៏ភ្លឺស្វាងមួយឆ្ពោះទៅរកការទប់ស្កាត់ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល និងអំពើហិង្សាធ្ងន់ធ្ងរនៅកម្ពុជាក្នុងពេលអនាគត៕