(ភ្នំពេញ)៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Dr. Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកនឹងអាចត្រួសត្រាយផ្លូវ ដើម្បីឱ្យកម្ពុជា-ម៉ាឡេស៉ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីវិបុលភាព នៃប្រទេសទាំងពីរ។
លោក មហាធា បានបែបនេះ ក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីរបស់កម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ។
ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោកនាយករដ្ឋមន្រ្តី និងភរិយា ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទី បាននាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ជូនលោកនាយករដ្ឋមន្រ្តី និងលោកស្រី។
នាឱកាសនោះដែរ លោកបណ្ឌិត មហាធា មហាម៉ាត់ បានថ្លែងអំណរគុណ ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបសវនាការជាមួយ នឹងគណៈប្រតិភូ។ លោកនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍខ្លាំងក្លា និងវិបុលភាពរបស់ប្រទេសកម្ពុជា ជាពិសេសប្រទេសម៉ាឡេស៉ី មានសេចក្តីសោមនស្សរីករាយ ដែលមានទំនាក់ទំនងល្អប្រពៃ ជាមួយនឹងប្រទេសកម្ពុជា។
លោកបណ្ឌិត មហាធា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ នឹងអាចត្រួសត្រាយផ្លូវដើម្បីឱ្យប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៉ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីវិបុលភាពនៃប្រទេសទាំងពីរ។ លោកបានជម្រាបជូន សម្តេចប្រមុខរដ្ឋស្តីទីថា តាមរយៈដំណើរទស្សនកិច្ចនេះ មានការចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាចំនួនពីរ គឺទី១៖ អនុស្សារណយោគយល់គ្នា ស្តីពី ការមិនយកពន្ធត្រួតលើគ្នា និងទី២៖ អនុស្សារណយោគយល់គ្នា ស្តីពី វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
លោកអះអាងទៀតថា ក្រៅពីនេះក៏នឹងមានអនុស្សារណៈយោគយល់គ្នាជាច្រើនទៀត ដែលកំពុងរៀងចំ និងត្រៀមចុះហត្ថលេខា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនាពេលខាងមុខ។ តាមរយៈនៃការចុះហត្ថលេខា លើអនុស្សារណយោគយល់គ្នានេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តការនៃ ប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសការវិនិយោគរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ក៏អាចត្រួសត្រាយផ្លូវដើម្បីបង្កើន សក្តានុពលបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ចំពោះវិស័យទេសចរណ៍ គឺជាវិស័យដ៏មានសារសំខាន់ និងប្រកបដោយសក្តានុពលច្រើន ហើយវិស័យនេះ ចាត់ទុកថា ជាវិស័យអាទិភាពដែលប្រទេសទាំងពីរ អាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរវាងប្រជាជន នៃប្រទេសទាំងពីរ។ ប្រការនេះ នឹងអាចរួមចំណែកបង្កើននូវការយល់ដឹងពីគ្នា ទៅវិញទៅមក និងអាចរួមចំណែក ដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រពៃ រវាងប្រទេសទាំងពីរឱ្យ កាន់តែរឹងមាំថែមទៀត។
លោកបណ្ឌិត មហាធា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ ហើយជឿជាក់ថា នឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងពង្រីកបន្ថែមទៀត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៉ី និងប្រទេសកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត មហាធា មហាម៉ាត់ ដែលបានថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើន របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាការបន្តខិតខំថែរក្សាប្រពៃណី ដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អ ប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើងរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៉ីជំនាន់មុន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទំាងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល និងមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកដ៏ធំធេង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្រប ខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៉ី ដែលបានជួយអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ រយៈពេលវែង និងខ្លីជាច្រើននាក់ដល់មន្រ្តី និងនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសម៉ាឡេស៉ី។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបាននឹងកំពុងទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់នៅ ក្នុងភាពសុខដុមរមនា គ្មានការរើស អើងអំពីនិន្នាការនយោបាយ អតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជា កំពុងមាន ការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចអាចនឹងសម្រេចក្នុងរង្វង់ ៧,៤%។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយមើលឃើញអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រជាជន និងប្រទេសម៉ាឡេស៉ី ជាបងប្អូនរួមគ្រួសារអាស៊ាន ហើយសូមប្រសិទ្ធពរឱ្យប្រជាជន និងប្រទេសម៉ាឡេស៉ី បន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកដល់វឌ្ឍនភាព វិបុលភាព និងការអភិវឌ្ឍនៅ ក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីគោរព សេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ថ្វាយចំពោះព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំកំពូលប្រទេសម៉ាឡេស៉ី។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនលោកនាយករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងគណៈប្រតិភូ សូមមានសុខភាពល្អ និងសូមទទួលបាននូវជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា៕