(ភ្នំពេញ)៖ លោក Thomas Osullivan អគ្គនាយក Real Estate.com.Kh និងជាអ្នកជំនាញផ្នែកអចលនទ្រព្យបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ វិស័យអចលនទ្រព្យ ក្នុងខេត្តកណ្ដាល កំពុងមានសន្ទុះខ្លាំង ព្រោះមានប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីដីធ្លី កំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់នោះ។
ការលើកឡើងបែបនេះ របស់លោក Thomas Osullivan ធ្វើឡើងក្នុងកម្មវិធី «យល់ដឹងពីវិសាលភាព អចលនទ្រព្យនៅកម្ពុជា» ក្រោមការចូលរួមពីបណ្តាក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ និងអ្នកពាក់ព័ន្ធប្រមាណជាង១,០០០នាក់ ។ កម្មវិធី «យល់ដឹងពីវិសាលភាព អចលនទ្រព្យនៅកម្ពុជា» មានការចូលរួមពីលោក អេង លាភា ស្ថាបនិក Leapheacademy.com, លោក ថុន ប៉ូរ៉ា អគ្គនាយកនៃក្រុមហ៊ុន ខេ អេច លែន។
លោក Thomas Osullivan បានថ្លែងថា បច្ចុប្បន្ននេះខេត្តកណ្ដាល ជាខេត្តកំពុងមានសន្ទុះខ្លាំង លើវិស័យអចលនទ្រព្យ ខណៈខេត្តនេះកំពុងមានការចាប់អារម្មណ៍ពី ប្រជាពលរដ្ឋ និងអ្នករកស៊ីលើវិស័យដីធ្លី ព្រោះខេត្តកណ្ដាល ជាខេត្តកំពុងអភិឌ្ឍន៍ផងដែរ។ សម្រាប់ទីក្រុងភ្នំពេញវិញ មានខណ្ឌទួលគោក, ខណ្ឌចំការមន, ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ជាខណ្ឌដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងនោះខណ្ឌព្រែកព្នៅ, ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ ជាខណ្ឌដែលមានកម្រិតចាប់អារម្មណ៍តិចតួចនៅឡើយ ដោយសារតែខណ្ឌទាំងនេះទើបតែមាន ការអភិវឌ្ឍន៍ប៉ុន្មានឆ្នាំប៉ុណ្ណោះ។
ជាមួយនឹងការអភិវឌ្ឍន៍ និងចាប់អារម្មណ៍វិស័យអចលនទ្រព្យ ក្នុងខេត្តកណ្ដាលនេះ ក៏មានក្រុមហ៊ុនអចលនទ្រព្យ KH Land Co,.Ltd បានវិនិយោគគម្រោងទីក្រុងថ្មីមួយ ដែលអភិវឌ្ឍន៍ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈវិស័យអចលនទ្រព្យនៅតំបន់នេះ កំពុងមានការរីកចម្រើន ហើយហេដ្ឋារចនាសម្ព័ន្ឋនានា របស់រដ្ឋាភិបាលបាន និងកំពុងពង្រីកឆ្ពោះទៅតំបន់ជាយក្រុង។
ទីក្រុងថ្មីនេះមានឈ្មោះ «ក្រុងដីមាស» អមជាមួយនឹងតំបន់កម្សាន្តកែច្នៃបែបធម្មជាតិដ៏ធំ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ គំរោងអភិវឌ្ឍន៍ក្រុងថ្មីដីមាស គឺជាគម្រោងលំនៅដ្ឋានដ៏អស្ចារ្យ មិនធ្លាប់មាននៅក្នុងតំបន់ស្រុកអង្គស្នួល ខេត្តកណ្តាល។
គម្រោងនេះត្រូវបានវិនិយោគ លើផ្ទៃដីសរុបចំនួន៥០ហិកតា ដែលស្ថិតនីក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាតំបន់ជាយក្រុងរាជធានីភ្នំពេញ។ នេះបើតាមកាបញ្ជាក់ឲ្យដឹងពី លោក ថុន បូរ៉ា។
លោក ថុន បូរ៉ា បានឲ្យដឹងថា គម្រោងក្រុងថ្មីដីមាស ដែលមានផ្ទៃដី៥០ហិកតា នឹងត្រូវបែងចែកជាតំបន់តំបន់លំនៅដ្ឋាន តំបន់លំហែរកាយ សួនច្បារសាធារណៈ តំបន់ទិញទំនិញ ហាងកាហ្វេទំនើប និងភោជនីយដ្ឋានផងដែរ។
លោកបន្តថា ដើម្បីឱ្យក្រុងថ្មីដីមាស កាន់តែមានភាពទាក់ទាញខ្លាំង ដែលអាចអូសទាញចំណាប់អារម្មណ៍មនុស្សទូទៅ ឱ្យចូលមកកាន់ក្រុងថ្មីមួយនេះ ក្រុមហ៊ុនបាននិងកំពុងតែរៀបចំបង្កើតជាតំបន់ទេសចរណ៍ កម្សាន្តសិប្បនិម្មិតនៅលើផ្ទៃដីទំហំ៣ហិកតា ដោយមានជាផ្ទះបណ្តែកទឹកខ្នាតតូច សម្រាប់ស្នាក់នៅរយៈពេលពេញមួយថ្ងៃប្រមាណ១០០យូនីត។
លោកបញ្ជាក់ថា «ក្នុងគម្រោងក្រុងថ្មីដីមាសនេះ មានការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្របទៅនឹងគោលការណ៍ របស់រដ្ឋាភិបាលដូចជា៖ ផ្លូវបេតុងទំហំ១៥ម៉ែត្រ តភ្ជាប់ជាមួយផ្លូវធំរបស់រដ្ឋទំហំ៣០ម៉ែត្រ មានដាំបង្គោលភ្លើងកម្ពស់៩ម៉ែត្រ ដោយទុកចន្លោះពីគ្នាចម្ងាយ៤០ម៉ែត្រ មានបណ្តាញបង្ហូរទេសកកខ្វក់ មានបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតផងដែរ៕