(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យប្អូនៗ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុនចំនួន២៩នាក់ ចូលជួបសម្តែងការគួរសម មុនចេញដំណើរទៅបំពេញទស្សនកិច្ច ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP សម្រាប់រយៈពេល៥២ថ្ងៃ នៅប្រទេសកម្ពុជា វៀតណាម សឹង្ហបុរី ហ្វីលីពីន និងចុងក្រោយ គឺប្រទេសជប៉ុន។
លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបញ្ជាក់ថា សមាគមនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយឡែកកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០០៤ រហូតមកទល់បច្ចុប្បន្នកម្ពុជា មានសមាជិកសរុប៥៩៤នាក់។ ដោយឡែក សម្រាប់ឆ្នាំនេះ មានយុវជន និងយុវនារីចំនួន៣៣៥នាក់ ដែលអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសជប៉ុនផងដែរ។
លោកបន្តថា គោលបំណងចំបងរបស់សមាគម គឺកសាងទំនាក់ទំនងអន្តជាតិ ចែករំលែកប្រពៃណី វប្បធម៌ ចូលរួមការងារសង្គម ការថែរក្សា និងអភិរក្សបរិស្ថាន បរិច្ចាគឈាម ធ្វើឲ្យប្រសើរឡើងផ្នែកជំនាញ និងភាពជាអ្នកដឹកនាំ ពង្រឹងចំណេះដឹង និងជំនាញច្បាស់លាស់ ការចែករំលែកបទពិសោធន៍ ការរស់រួមគ្នា និងធ្វើការជាក្រុម។ល។ សម្រាប់សកម្មភាព នៅប្រទេសកម្ពុជា ក្រុមយុវជននឹងចូលរួមដាំព្រៃកោងកាង និងផ្តល់ឈាម។
លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ក្មួយៗ ដែលបានបង្ហាញឲ្យឃើញពីសក្តានុពល យ៉ាងធំធេងលើចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបណ្តុះ និងត្រូវការជាចាំបាច់។
លោករដ្ឋមន្រ្តីបានចែករំលែក បទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹកនាំល្អ។
លោករដ្ឋមន្រ្តី បានធ្វើអត្ថាធិប្បាយដោយសង្ខេប អំពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ និងវិស័យកសិកម្ម។ សមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីតម្លៃ នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការពលិកម្មរបស់សម្តេចតេជោ។
លោករដ្ឋមន្រ្តី វេង សាខុន បានលើកទឹកចិត្ត និងគាំទ្រដល់យុវជនគ្រប់ៗរូប ត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែកបទពិសោធន៍ ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ ដើម្បីនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ទាំងនោះ មកមាតុភូមិវិញចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍទឹកដីអង្គរដ៏បវរ របស់យើងទាំងពេលបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្ត្រីបានជូនពរឲ្យក្មួយៗ យុវជនគ្រប់ៗរូបធ្វើដំណើរទៅចូលរួមកម្មវិធីនេះ មានសុខភាព ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ៕