(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាង «ស្តង់ដារង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍» នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ដោយមានការអនុញ្ញាតពី លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីសំណាក់ លោក លោក លោកស្រី អ្នកជំនាញ និងសាស្រ្តាចារ្យ ដែលជាសមាជិកបណ្តាញជំនាញ និងសាស្រ្តាចារ្យទេសចរណ៍ តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ សាលាបណ្តុះបណ្តាល សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគមឧស្សាហកម្មទេសចរណ៍ និងសិស្ស និសិ្សតទេសចរណ៍ សរុបប្រមាណ២៥០នាក់។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីពិភាក្សា និងទទួលបាននូវធាតុបញ្ចូលថ្មីៗ បន្ថែមសំដៅឈានដល់ការរៀបចំឱ្យមាន «ស្តង់ដារង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍» មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីប្រើប្រាស់ជាមូលដ្ឋាន សម្រាប់គាំទ្រដល់ការវាយតម្លៃអ្នកជំនាញទេសចរណ៍ នៅក្នុងចលនាប្រឡងប្រណាំងអ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ដែលក្រសួងទេសចរណ៍ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងលើកទី១ នាពេលខាងមុខ និងដើម្បីទាំងអស់គ្នាឆ្ពោទៅអបអរសាទរព្រឹត្តិការណ៍ SEA Game 2023 និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
លោកអះអាងថា ការប្រឡងប្រណាំងនេះ នឹងចូលរួមលើកកម្ពស់គុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសជំរុញ និងលើកទឹកចិត្តដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍បន្តខិតខំផ្តល់បដិសណ្ឋារកិច្ចកាន់តែល្អដល់ភ្ញៀវទេសចរដែលមកកំសាន្តនៅកម្ពុជា ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តច្រើនដង (Repeat Tourist) ។
គូសបញ្ជាក់ថា រង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍ មាន៣កម្រិត៖ ចំពោះរង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អក្នុងឧស្សាហកម្មទេសចរណ៍នេះ គឺទាមទារឱ្យអ្នកផ្តល់សេវាកម្មបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់តែម្តង ពោលគឺទទួលបានពិន្ទុចន្លោះ ១០០-៩១ នៃពិន្ទុសរុបដើម្បីទទួលបានមេដាយមាស ទទួលបានចន្លោះ ៩០-៨១ នៃពិន្ទុសរុបដើម្បីទទួលបានមេដាយប្រាក់ និងទទួលបានពិន្ទុចន្លោះ៨០-៧០ នៃពិន្ទុសរុបដើម្បីទទួលមេដាយសំរឹទ្ធ ។
តាមរយៈកម្រិតជ័យលាភីនេះ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍជំនាញបដិសណ្ឋារកិច្ច ជាពិសេសជំរុញដល់យុវជន សិស្ស និស្សិត អ្នកជំនាញ និងប្រតិបត្តិករដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មានការយកចិត្តទុកដាក់លើការផ្តល់បដិសណ្ឋារកិច្ចល្អប្រកបដោយសមត្ថភាព ចំណេះដឹង ជំនាញ អាកប្បកិរិយា និងបុគ្គលិកលក្ខណៈល្អ នៅក្នុងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ និងទទួលបានភាពស្រលាញ់ពេញចិត្តពីភ្ញៀវ និងសហការីនៅនឹងកន្លែងការងារ ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ ដែលជាកត្តាចូលរួមគាំទ្រចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការឃោសនាផ្សព្វផ្សាយទេសចរណ៍«កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ ៖ផ្តល់ភាពកក់ក្តៅ»៕