(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក «ហាកកា» វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសំបែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលោះក្នុងទឹកប្រាក់កម្រិតទាបមួយ ដែលអាចឲ្យពួកគាត់បង់រំលួសបាន។
ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ សមាគមពាណិជ្ជកម្មពិភពលោក ហាកកា (Hakka) នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានរៀបរាប់អំពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក «ហាកកា» ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសំបែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលោះក្នុងទឹកប្រាក់កម្រិតទាប។
លោកបញ្ជាក់ថា «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការទៅរាជរដ្ឋាភិបាលដើម្បីកុំឲ្យមានការបង់ព័ន្ធ ចូលរដ្ឋលើការ នាំចូលគ្រឿងសំណង់ មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំងដែលគ្រោងនឹងសាងសង់ផ្ទះសំបែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ ទៅ៦០ គីឡូម៉ែត្រ។ ប៉ុន្តែបើគម្រោងនេះ ចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវធំ ថ្មីតភ្ជាប់ពីតំបន់នោះចូលមករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម៤៥នាទី ទៅ១ម៉ោង មកដល់ក្រុងភ្នំពេញបាន ជាមួយនឹងការដឹកជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ»។
លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា បានលើក ឡើងដើម្បីស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ជួយគាំទ្រ ក៏ដូចជាផ្តល់ឱកាសវិនិយោគនៅក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា «សមាគមពាណិជ្ជកម្មពិភពលោក ហាកកា មានកូនចៅរហូតដល់ ១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក»។ សម្រាប់ប្រទេសកម្ពុជា លោកមានចំណាប់អារម្មណ៍ និងបានដាក់ចេញជាគម្រោងចំនួន៨ ដើម្បីរកស៊ី ក្នុងនោះគម្រោងទី១ គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការហើយ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនរកស៊ីលើអចលនទ្រព្យ កំពង់ផែ សត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគមមានគម្រោងធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យពិសេស លើការស្ថាបនាផ្ទះជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលោះក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា នឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀត៕