(កូរ៉េខាងត្បូង)៖ តបតាមការអញ្ជើញរបស់លោកស្រី គីម ហីយ៉ុនមី រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណៈរដ្ឋកូរ៉េ, លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធសកល ដែលបាននិងកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងសេអ៊ូល។
សន្និសីទនេះ នឹងផ្តោតទៅលើការស្វែងរកយន្តការពង្រឹងភាពជាដៃគូអន្តរជាតិ រវាងរដ្ឋនិងឯកជន ដើម្បីកសាងហេដ្ឋារចនសម្ព័ន្ធមួយ មានលក្ខណៈសកល ប្រកបដោយប្រសិទ្ធិភាព និងការពារបរិស្ថានបានល្អ។
នៅក្នុងសន្និសីទនេះ កម្ពុជាក៏នឹងធ្វើបទបង្ហាញស្តីពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើវិស័យអាកាសចរស៊ីវិលនៅកម្ពុជាជាពិសេស ផែនការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងសេចក្តីត្រូវការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលបណ្តុះបណ្តាល អាកាសចរស៊ីវិល ដែលមានការឆ្លើយតបជាមួយការរីកចម្រើន ផ្នែកដឹកជញ្ជូនតាមផ្លូវអាកាសនាពេលបច្ចុប្បន្ន៕